1. អ៊ីស្រាអែលវាយប្រហារកងទ័ពអេហ្ស៊ីបលើឧបទ្វីបស៊ីណៃ
យោងតាមសារព័ត៌មាន France24 ចុះផ្សាយថ្ងៃទី២២ ខែតុលាបានអោយដឹងថា អ្នកនាំពាក្យយោធារបស់ប្រទេសអេហ្ស៊ីបកាលពីថ្ងៃអាទិត្យបាននិយាយថា ឆ្មាំព្រំដែនដោយចំនួនមិនបានបញ្ជាក់ត្រូវបាន "រងរបួសស្រាល" ពី "បំណែកនៃគ្រាប់ផ្លោងដែលបានបាញ់ចេញពីរថក្រោះអ៊ីស្រាអែលដោយចៃដន្យ" ។ កងទ័ពអេហ្ស៊ីបបាននិយាយថា អ៊ីស្រាអែលបាន "សម្តែងការសោកស្តាយភ្លាមៗចំពោះឧប្បត្តិហេតុដោយអចេតនានេះ និងបើកការស៊ើបអង្កេតកំពុងដំណើរការ"។ ឧប្បត្តិហេតុនេះបានកើតឡើងបន្ទាប់ពីមានក្បួនរថយន្តជំនួយទីពីរបានចូលពីប្រទេសអេហ្ស៊ីបទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនបាននិយាយថា បុគ្គលិករបស់ខ្លួនចំនួន 29 នាក់ក៏ត្រូវបានស្លាប់មកទល់ពេលនេះផងដែរនៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា។
2. Biden ប្រាប់អ៊ីស្រាអែលអោយបញ្ចៀសសង្គ្រាមជាមួយក្រុមហេសបូឡា
យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី២០ ខែតុលាបានអោយដឹងថា មន្ត្រីអាមេរិក និងអ៊ីស្រាអែលបាននិយាយថា ប្រធានាធិបតី Biden និងជំនួយការកំពូលៗរបស់លោកបាននឹងកំពុងជំរុញមេដឹកនាំអ៊ីស្រាអែលប្រឆាំងទៅនឹងការវាយប្រហារសំខាន់ៗណាមួយមកលើក្រុមហេសបូឡាដែលជាកងជីវពលដ៏មានឥទ្ធិពលនៅក្នុងប្រទេសលីបង់ ខណៈដែលទង្វើនេះនឹងអាចអូសទាញក្រុមហេសបូឡាអោយចូលរួមនៅក្នុងសង្រ្គាមអ៊ីស្រាអែល-ហាម៉ាសបាន។ មន្ត្រីអាមេរិកមានការព្រួយបារម្ភថា សមាជិកមួយចំនួននៃគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់អ៊ីស្រាអែលបានតែងតែមានបំណងចង់វាយបកលើក្រុមហេសបូឡានេះជាយូរមកហើយគឺសូម្បីតែចាប់តាំងពីផ្តើមជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសមកម្ល៉េះបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី7 ខែតុលា។ អាមេរិកកំពុងបង្ហាញអ៊ីស្រាអែលពីការលំបាកនៃការប្រយុទ្ធគ្នាដោយមានក្រុមហាម៉ាសវាយលុកនៅភាគខាងត្បូង និងក្រុមហេសបូឡាដ៏ខ្លាំងក្លាជាងវាយលុកនៅភាគខាងជើង។ មន្ត្រីអាមេរិកជឿថា អ៊ីស្រាអែលនឹងពិបាកក្នុងការតទល់នៅក្នុងសង្គ្រាមទីតាំងជួរមុខទាំងសងខាង ហើយជម្លោះបែបនេះអាចទាក់ទាញការចូលរួមទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលជាអ្នកគាំទ្រដ៏សំខាន់របស់កងជីវពលទាំងនេះ។
3. ចិនដាក់ពង្រាយនាវាចម្បាំង 6 គ្រឿងនៅមជ្ឈិមបូព៌ា
យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយថ្ងៃទី១៩ ខែតុលាបានអោយដឹងថា កងទ័ពរំដោះប្រជាជនចិន (PLA) បានដាក់ពង្រាយនាវាចម្បាំងចំនួន 6 គ្រឿងនៅមជ្ឈិមបូព៌ាខណៈដែលភាពតានតឹងកើនឡើងនៅក្នុងតំបន់ដោយសារតែសង្គ្រាមដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ។ នាវាចម្បាំងទាំង 6 គ្រឿងគឺជាផ្នែកនៃកងនាវាចរជើងទឹកទី 44 របស់ PLA ដែលថ្មីៗនេះបានចូលរួមក្នុងសមយុទ្ធយោធារួមគ្នាជាមួយប្រទេសអូម៉ង់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា នាវាចម្បាំងទាំងនេះបានចាកចេញពីច្រាំង Muscat កាលពីថ្ងៃទី 14 ខែតុលា រីឯគោលដៅមិនត្រូវបានបង្ហាញនោះឡើយ។ ទន្ទឹមនឹងនោះផងដែរ លោកប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃទី 19 ខែតុលា ក៏បានរំលឹកឡើងវិញនូវទស្សនៈមានជាយូរមកហើយរបស់ទីក្រុងប៉េកាំងដែលគាំទ្រដល់ជំហរបង្កើតរដ្ឋអធិបតេយ្យភាពរបស់ប៉ាឡេស្ទីន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថាលោកបាននិយាយថា«នេះគឺជាវិធីសាស្រ្តមូលដ្ឋាន» ដែលអាចនាំចាកចេញពីសង្គ្រាមបាន។