គម្រោងបោះទុនវិនិយោគលើវិស័យថាមពលហ្គាសនៅកម្ពុជារបស់ក្រុមហ៊ុនខាងលើ ត្រូវបានធ្វើឡើងនៅក្នុងជំនួនបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក វ៉ាង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ នៅរដ្ឋធានីប៉េកាំង ខណៈសម្តេចនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣” នៅទីនោះ។
តាមលទ្ធផលជំនួបពិភាក្សាបានឲ្យដឹងថា នៅក្នុងជំនួបនោះ លោក Wang Bo បានជម្រាបជូន សម្តេចធិបតី អំពីវឌ្ឍនភាពរីកចម្រើនរបស់ក្រុមហ៊ុន CMEC ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SINOMACH ដែលមានជំនាញក្នុងវិស័យទឹកស្អាត, ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើយបានធ្វើការវិនិយោគក្នុងគម្រោងជាច្រើននៅកម្ពុជា។ លោកបន្តថា ក្នុងរយៈពេល១០ ឆ្នាំបន្តទៅមុខ ក្រុមហ៊ុន CMEC គ្រោងនឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរក្នុងទំហំទឹកប្រាក់ប្រមាណ៣,០០០ លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាស។
ជាមួយគ្នានោះ ក្នុងនាមថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CMEC លោក វ៉ាង ប៉ូ បានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងរយៈកាលកន្លងមក ហើយលោកក៏បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាពិតជានឹងមានការរីកលូតលាស់ជឿនលឿនថែមទៀត ហើយដែលនេះក៏ជាកត្តាទាក់ទាញគួរជាទីទុកចិត្តសម្រាប់ពង្រីកការវិនិយោគនៅកម្ពុជា ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសាទរចំពោះជោគជ័យរបស់ក្រុមហ៊ុន CMEC លើការវិនិយោគក្នុងប្រទេសកម្ពុជា ហើយសម្តេចធិបតី ក៏បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុន CMEC ដែលនេះ គឺជាការចូលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងតបន្ថែមទៀត៕