តាមរយៈសារជាសំឡេង ដែលត្រូវបានផ្សព្វផ្សាយនារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃពញរះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មាននិស្សិតខ្មែរចំនួន១៣១នាក់ កំពុងស្ថិតក្នុងដែលមានហានិភ័យ នៃការប្រយុទ្ធគ្នានៅប្រទេសអ៊ីស្រាអែល ចំណែក៣២៣នាក់ទៀត ត្រូវបានចល័តទៅដល់ទីតាំងមានសុវត្ថិភាពហើយ។ នៅចំពោះមុខបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់។
នៅក្នុងសារជាសំឡេងនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល និងក្រុមគ្រួសាររបស់ពួកគេថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសនិស្សិតខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ដូច្នេះរាជរដ្ឋាភិបាល តាមរយៈស្ថាប័នពាក់ព័ន្ធ ដែលមានក្រសួងការបរទេស, ក្រសួងកសិកម្ម, ក្រសួងអប់រំ, ស្ថាប័នចារកិច្ចក្រសួងការពារជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត បាននិងកំពុងតាមដានរាល់សភាពការណ៍ទាំងអស់ ទាំងយប់ ទាំងថ្ងៃ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង នៅប្រទេសអ៊ីស្រាអែល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាល បានខិតខំធ្វើយ៉ាងណាធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ពិសេសនិស្សិតខ្មែរកំពុងមានវត្តមាននៅទីនោះ។ សម្ដេចធិបតី បានប្រគល់ភារកិច្ចឲ្យលោករដ្ឋមន្ត្រីក្រសួងការបរទេស, រដ្ឋមន្ត្រីក្រសួងកសិកម្ម និងស្ថាប័នផ្សេងទៀតរបស់កម្ពុជា ធ្វើការទំនាក់ទំនងតាមគ្រប់មធ្យោបាយជាមួយស្ថាប័នពាក់ព័ន្ធនៅប្រទេសអ៊ីស្រាអែល ក៏ដូចជាប្រភពផ្សេងទៀត ដើម្បីទទួលបានព័ត៌មានពីការប្រយុទ្ធគ្នា នៅប្រទេសអ៊ីស្រាអែលនោះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការធ្វើទំនាក់ទំនងនេះ ដើម្បីកំណត់ឲ្យបាននូវចំនួន និងអត្តសញ្ញាណរបស់ប្រជាជនខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល ជាពិសេសនិស្សិតរបស់យើង, ព្យាយាមទំនាក់ទំនងជាមួយនិស្សិត និងប្រជាពលរដ្ឋនៅទីនោះ ឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានព័ត៌មានថា ពួកគេមានសុវត្ថិភាព ឬយ៉ាងណា និងកំណត់ថា ពួកគេកំពុងតែស្ថិតនៅក្នុងតំបន់សុវត្ថិភាព ឬនៅតំបន់ក្រហម ដែលមានជម្លោះ។ នៅក្នុងករណីដែលមាននិស្សិត ឬប្រជាជនខ្មែរ នៅក្នុងតំបន់ក្រហម ត្រូវព្យាយាមទំនាក់ទំនងជាមួយអាជ្ញាធអ៊ីស្រាអែល ដើម្បីជួយសង្រ្គោះ និងជម្លៀសពួកគេចេញពីតំបន់ក្រហម ទៅកាន់តំបន់សុវត្ថិភាព ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថាកម្ពុជាកំណត់បានចំនួនប្រជាជន និងនិស្សិតខ្មែរកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែលមានចំនួន៤៥៤នាក់។ ក្នុងចំណោម៤៥៤នាក់នោះ គឺទាក់ទងបានទាំងអស់គ្នាតែម្ដង ដើម្បីបញ្ជាក់អំពីសុវត្ថិភាពរបស់ពួកគាត់ ហើយក្នុងចំណោមនោះទៀត មានប្រជាជន និងនិស្សិតខ្មែរចំនួន៣២៣នាក់ ត្រូវបានចល័តទៅទីតាំងមានសុវត្ថិភាព និង១៣១នាក់ នៅទីតាំងដែលមានហានិភ័យនៅឡើយ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសនិស្សិតខ្មែរកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល បន្តយកចិត្តទុកដាក់អំពីសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រប់ឲ្យបានម៉ឺងម៉ាត់ ចំពោះរាល់ការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល។
គួររំលឹកថា ការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្គាហ្សា បានផ្ទុះឡើងចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ បានបណ្តាលឱ្យមានអ្នករងរបួស និងស្លាប់ ទាំងសងខាងជាច្រើននាក់។ ដោយឡែកប្រជាពលរដ្ឋខ្មែរ ក៏បានស្លាប់ម្នាក់ផងដែរ។
សម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សកាន់អំណាចបានអះអាងថា ប្រសិនបើអ៊ីស្រាអែល តម្រូវឲ្យជម្លៀស ជនបរទេសចេញ រាជរដ្ឋាភិបាល នឹងជួលយន្តហោះពិសេស ដើម្បីទៅដឹក ពលរដ្ឋខ្មែរ មកមាតុប្រទេសវិញ៕