ក្រុមហាម៉ាសគំរាមប្រហារជីវិតអ្នកទោស និងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល ប្រសិនបើការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សានៅតែបន្ត! គួរកត់សម្គាល់ថា ក្នុងចំណោមអ្នកទោសអ៊ីស្រាអែលទាំងនោះ ក្នុងនោះមានសញ្ជាតិអាមេរិកចំនួន៩នាក់ ហើយរួមជាមួយនឹងការគំរាមកំហែងរបស់ក្រុមហាម៉ាស ចលនាក្រុមនេះក៏បានប្រកាសពីកិច្ចព្រមព្រៀងដំបូងរបស់ខ្លួនក្នុងការឈប់បាញ់ផងដែរ! តើក្រុមហាម៉ាសកំពុងដាក់សម្ពាធដល់អាមេរិកឲ្យរក្សាភាពស្ងៀមស្ងាត់ឬ? គួរកត់សម្គាល់ថា ការប្រហារជីវិតចំណាប់ខ្មាំង និងអ្នកទោសត្រូវបានចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាមដោយគ្មានអាជ្ញាយុកាល ហើយនឹងធ្វើឲ្យសង្គ្រាមនៅមជ្ឈិមបូព៌ាកើនឡើងដល់កម្រិតគ្រោះថ្នាក់។
-
ហាម៉ាសគំរាមប្រហារជីវិតចំណាប់ខ្មាំងអ៊ីស្រាអែលបើបន្តវាយប្រហារហ្គាហ្សា
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១០ ខែតុលាបានអោយដឹងថា កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស់បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងចាប់ផ្តើមប្រហារជីវិតចំណាប់ខ្មាំងជនស៊ីវិលអ៊ីស្រាអែល ជាថ្នូរនឹងការទម្លាក់គ្រាប់បែកថ្មីរបស់អ៊ីស្រាអែលទៅលើផ្ទះជនស៊ីវិលដោយគ្មានការព្រមានជាមុន។
អ្នកនាំពាក្យក្រុមប្រដាប់អាវុធ Hamas លោក Abu Ubaida បាននិយាយថា ពួកគេបានធ្វើសកម្មភាពស្របតាមការណែនាំរបស់ឥស្លាមដោយរក្សាការចាប់ឃុំខ្លួនជនជាតិអ៊ីស្រាអែលឱ្យមានសុវត្ថិភាព ដោយបានស្តីបន្ទោសចំពោះសកម្មភាពប្រកបដោយចេតនារបស់អ៊ីស្រាអែលក្នុងការទម្លាក់គ្រាប់បែក និងសម្លាប់ជនស៊ីវិលនៅក្នុងផ្ទះរបស់ពួកគេតាមរយៈការវាយប្រហារតាមអាកាសដោយមិនមានការព្រមានពួកគេទុកជាមុន។
-
មន្ត្រីចារកម្មអេហ្ស៊ីបថាអ៊ីស្រាអែលមិនអើពើចំពោះការព្រមាន
យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី០៩ ខែតុលាបានអោយដឹងថា មានសំណួរចោទឡើងជាច្រើនជុំវិញភាពបរាជ័យរបស់អ៊ីស្រាអែលនៃការទទួលបានព័ត៌មានស៊ើបការណ៍សម្ងាត់ទុកជាមុនដើម្បីត្រៀមសំរាប់ការវាយប្រហារដ៏ភ្ញាក់ផ្អើលពីក្រុមហាម៉ាសដែលបានសួរឡើងកាលពីថ្ងៃចន្ទ នៅពេលដែលមន្ត្រីចារកម្មអេហ្ស៊ីបបាននិយាយថា ទីក្រុងហ្សេរុយសាឡឹមពិតជាមិនបានអើពើចំពោះការព្រមានម្តងហើយម្តងទៀតថាមានក្រុមភេរវករដែលមានមូលដ្ឋាននៅហ្គាហ្សានឹងកំពុងរៀបចំផែនការ "អ្វីមួយដ៏ធំ"។ ទាក់ទងទៅលើរឿងនេះ ក៏មានសេចក្តីជូនដំណឹងដោយផ្ទាល់ពីរដ្ឋមន្ត្រីស៊ើបការណ៍សម្ងាត់របស់ទីក្រុង Cairo ប្រទេសអេហ្ស៊ីបទៅកាន់លោកនាយករដ្ឋមន្ត្រីផងដែរ។
មន្ត្រីអេហ្ស៊ីបបាននិយាយថា អេហ្ស៊ីបដែលជារឿយៗដើរតួជាអ្នកសម្រុះសម្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បាននិយាយម្តងហើយម្តងទៀតជាមួយអ៊ីស្រាអែលព្រមានអំពី "រឿងដ៏ធំ" មួយតែមិនបានបញ្ជាក់លម្អិតនោះទេ។
លោកបាននិយាយថា មន្ត្រីអ៊ីស្រាអែលបានផ្តោតសំខាន់ទៅលើបញ្ហាតំបន់ West Bank តែប៉ុណ្ណោះ ហើយបានមើលស្រាលចំពោះការគំរាមកំហែងពីតំបន់ Gaza។ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ត្រូវបានបង្កើតឡើងដោយអ្នកគាំទ្រអ្នកតាំងទីលំនៅក្នុងតំបន់ West Bank ដែលបានទាមទារឱ្យមានការបង្រ្កាបសន្តិសុខនៅទីនោះ ដោយមានការប្រឈមនឹងការកើនឡើងនៃអំពើហិង្សាក្នុងរយៈពេល 18 ខែចុងក្រោយនេះ។
-
ហាម៉ាសប្រកាសបើកកិច្ចចរចាឈប់បាញ់ជាមួយអ៊ីស្រាអែល
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១០ ខែតុលាបានអោយដឹងថា មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់បាននិយាយឡើងថា ក្រុមរបស់លោកគឺបើកចំហសម្រាប់ការពិភាក្សាអំពីបទឈប់បាញ់ដែលអាចធ្វើឡើងជាមួយអ៊ីស្រាអែលបាន ដោយពួកគេបានសម្រេចនូវគោលដៅរបស់ខ្លួនរួចមកហើយ។
លោក Moussa Abu Marzouk បានប្រាប់ Al Jazeera នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា ក្រុមហាម៉ាសគឺអាចបើកចំហសំរាប់ការពិភាក្សាទាក់ទងនឹង "បទឈប់បាញ់" និង "ការសន្ទនាអំពីនយោបាយទាំងអស់" នៅពេលដែលត្រូវបានសួរថា តើក្រុមអ៊ីស្លាមមានឆន្ទៈក្នុងការពិភាក្សាអំពីបទឈប់បាញ់ដែលអាចធ្វើទៅបានដែរឬទេ។