រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃច័ន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣នេះ បានបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ដើម្បីធ្វើការពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលជាសំណើរបស់រាជរដ្ឋាភិបាល ដែលកិច្ចប្រជុំនេះ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមកិច្ចប្រជុំ មានចំនួន ១០១រូប ហើយបន្ទាប់ពីបានពិភាក្សា អនុម័តមួយមាត្រាម្តងៗ អង្គប្រជុំរដ្ឋសភាបានអនុម័ត សេចក្តីព្រាងច្បាប់ទំាងស្រុង។
សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមាន១១មាត្រា។ សេចក្តីព្រាងច្បាប់នេះ នឹងជំនួសច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលឆ្នាំ១៩៩៦ ក្នុងគោលបំណងលើកកម្ពស់ និងធានាដល់ដំណើរការគ្រប់គ្រង ចាត់ចែង និងអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវត្តប្រទេសជាតិ ដែលកំពុងមានការរីកចម្រើន និងការប្រែប្រួលខាងបច្ចេកវិទ្យាអាកាសចរណ៍ស៊ីវិលកាន់តែទំនើប និងស៊ីជម្រៅ រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រងផងដែរ ជាពិសេសដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួន ក្នុងនាមជាសមាជិកនៃអង្គការ ICAO។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានលើកឡើងនៅក្នុងកិច្ចប្រជុំនោះថា សេចក្តីព្រាងច្បាប់នេះ ជំនួសច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចស៊ីសឆ្នាំ១៩៩៦ ក្នុងគោលបំណងដើម្បីកកម្ពស់ និងធានាដល់ដំណើរការអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ស្របតាមស្ថានភាព ជាក់ស្តែងនាពេលបច្ចុប្បន្ន ជាពិសេសឆ្លើយតបទៅនឹងតម្រូវការ និងចំណុចខ្វះចន្លោះ ដែលបានរកឃើញដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។
គួររំលឹកថា កន្លងមកនេះកម្ពុជាទទួលបានការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិថ្មីៗចំនួន៤រួមមាន៖ ទី១- អាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលគ្រោងនឹងបើកឱ្យប្រាស់ជាផ្លូវការថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ទី២- អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ទី៣- អាកាសយានដ្ឋានអន្តរជាតិតេជោ និង៤-អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលកំពុងដំណើរការកែលម្អ៕