1. អ៊ីស្រាអែល និងក្រុមហេសបូឡាផ្ទុះអាវុធជាមួយនឹងគ្នា
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០៨ ខែតុលាបានអោយដឹងថា អ៊ីស្រាអែល និងក្រុមប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់លីបង់គឺក្រុម Hezbollah បានផ្ទុះអាវុធជាមួយនឹងគ្នាដោយមានការដោះដូរគ្រាប់កាំភ្លើងធំ និងមីស៊ីលកាលពីថ្ងៃអាទិត្យបន្ទាប់ពីការវាយប្រហារដ៏ឃោរឃៅរបស់ខ្មាន់កាំភ្លើងប៉ាឡេស្ទីនមកលើអ៊ីស្រាអែល។ កាលពីថ្ងៃសៅរ៍ មានការវាយប្រហារជាច្រើនដងដោយខ្មាន់កាំភ្លើងប៉ាឡេស្ទីនមកលើទីប្រជុំជនអ៊ីស្រាអែល ដែលបានធ្វើឱ្យជនជាតិអ៊ីស្រាអែលប្រហែល 500 នាក់បានស្លាប់ ហើយប្រជាជនប៉ាឡេស្ទីនជាង 300 នាក់ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែកជាការសងសឹករបស់អ៊ីស្រាអែល។ ទំហំនៃការវាយប្រហារនេះហាក់ដូចជាជំរុញឱ្យមានការភ័យខ្លាចថាជម្លោះកាន់តែធំជាងនេះ ដែលអាចផ្ទុះឡើងរវាងអ៊ីស្រាអែល និងបក្សពួកផ្សេងទៀតដែលប្រឆាំងនឹងពួកគេនៅក្នុងតំបន់ រួមទាំងក្រុមហេសបូឡារបស់លីបង់ផងដែរ ដែលជាភាគីប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ ហើយក៏ធ្លាប់បានប៉ះទង្គិចជាមួយអ៊ីស្រាអែលពីមុនមកដែរ។
2. កងនាវាអាមេរិកបានមកដល់អ៊ីស្រាអែល
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០៩ ខែតុលាបានអោយដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin បាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូននាវា និងយន្តហោះយោធាជាច្រើនគ្រឿងទៅកាន់ប្រទេសអ៊ីស្រាអែលដើម្បីជាការបង្ហាញការគាំទ្រ ដោយទីក្រុងវ៉ាស៊ីនតោនជឿថា ការវាយប្រហារដ៏សាហាវរបស់ពួកហាម៉ាសនេះអាចនឹងជំរុញឱ្យបង្កការរំខានដល់ការផ្សះផ្សារទំនាក់ទំនងឡើងវិញរបស់អ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត។ ក្រុមសកម្មជនហាម៉ាសបានវាយលុកនៅតាមទីប្រជុំជនអ៊ីស្រាអែល ខណៈដែលប្រទេសនេះបានរងនូវការបង្ហូរឈាមបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កាលពីថ្ងៃសៅរ៍។ អ៊ីស្រាអែលបានវាយប្រហារប៉ាឡេស្ទីនវិញដោយការវាយប្រហារតាមអាកាសនៅក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ ដោយមានមនុស្សរាប់រយនាក់ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិតទាំងសងខាង។ លោក Austin បាននិយាយថា លោកបានបញ្ជាឱ្យផ្លាស់ទីនាវាផ្ទុកយន្តហោះអាមេរិក USS Gerald R.Ford ទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើតដែលអាចខិតទៅជិតនឹងអ៊ីស្រាអែល។ លោក Austin ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកក៏បានចាត់វិធានការដើម្បីបង្កើនកងយន្តហោះចម្បាំង F-35, F-15, F-16 និង A-10 របស់កងទ័ពអាកាសអាមេរិកនៅក្នុងតំបន់ផងដែរ រួមទាំងផ្តល់អាវុធ។
3. ជនជាតិអាមេរិកបានក្លាយជាចំណាប់ខ្មាំងរបស់ក្រុមហាម៉ាស
យោងតាមសារព័ត៌មាន Politico ចុះផ្សាយថ្ងៃទី០៨ ខែតុលាបានអោយដឹងថា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិក លោក Michael Herzog បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ជនជាតិអាមេរិកស្ថិតក្នុងចំណោមចំណាប់ខ្មាំងដែលក្រុមហាម៉ាស់បានចាប់ខ្លួននាំទៅតំបន់ហ្គាហ្សា។ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បាននិយាយនៅព្រឹកថ្ងៃអាទិត្យថា ជនជាតិអាមេរិកប្រហែលជាស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ និងចាប់ខ្លួន។ លោក Blinken បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅលើ CNN ថា“យើងមានរបាយការណ៍ថា ជនជាតិអាមេរិកជាច្រើននាក់ត្រូវបានសម្លាប់។ យើងកំពុងធ្វើការស្រាវជ្រាវបន្ថែមដើម្បីផ្ទៀងផ្ទាត់វា។ ស្របពេលជាមួយគ្នានេះដែរ ក៏មានរបាយការណ៍អំពីជនជាតិអាមេរិកដែលបានបាត់ខ្លួនផងដែរ ហើយយើងក៏កំពុងសិក្សាផ្ទៀងផ្ទាត់ដូចគ្នា។គួរបញ្ជាក់ផងដែរ ការលុកលុយដ៏ធំនេះបានកើតឡើងនៅមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែលប្រារព្ធខួបលើកទី 50 នៃការចូលឈ្លានពានដ៏ភ្ញាក់ផ្អើលនៅក្នុងសង្គ្រាម Yom Kippur រឺហៅថាសង្គ្រាម Ramadan។