មានប្រសាសន៏នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន (៥ តុលា) ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រងសាលារៀនឆ្ពោះទៅរកឧត្ដមភាព” នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាល សន្សំបានថវិកាជាង២០០លានដុល្លារ ពីការព្យួរចោលនូវគម្រោង ដែលមិនចាំបាច់មួយចំនួនសម្រាប់ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្រាន់តែឲ្យកែសម្រួល ព្យួរការចំណាយទៅលើកិច្ចការមិនសំខាន់មួយចំនួន សន្សំប្រាក់បានជាង២០០លានដុល្លារ សម្រាប់ឆ្នាំ២០២៣នេះ។ ហើយថវិកានេះ អត់មានប៉ះពាល់ដល់មន្ត្រីទេ គ្រាន់តែព្យួរគម្រោងមួយចំនួន ដែលមិនទាន់ចាំបាច់ប៉ុណ្ណោះ យកលុយនោះដើម្បីទៅជួយប្រជាពលរដ្ឋ ដាក់ឲ្យចំគោលដៅ នៃការកំណែទម្រង់។ សម្ដេចធិបតីបានបញ្ជាក់ថា យើងត្រូវហ៊ានលះបង់ទាំងអស់គ្នា ដើម្បីផលប្រយោជន៍រួម។ ហើយបើទោះបីប៉ះពាល់ផលប្រយោជន៍អ្នកកាន់គម្រោង ក៏សម្តេចនៅតែធ្វើដែរ”។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ការគាំទ្រទៅដល់វិស័យអប់រំ ដល់លោកគ្រូ អ្នកគ្រូ ឬមានការប៉ះប៉ូវដល់លោកគ្រូអ្នកគ្រូ សូមឲ្យមន្ត្រីធម្មតា ឬស្ថាប័នផ្សេងកុំច្រណែន។ សម្ដេចបន្តថា ការរៀបចំគោលនយោបាយនេះ កាត់ពីគម្រោងដែលមិនចាំបាច់ យកមកដាក់ក្នុងគម្រោងឲ្យចំគោលដៅ។ ព្រោះថា សរសរកាន់តែរឹងមាំ វិស័យអប់រំរបស់យើងកាន់តែរឹងហើយ។
សម្តេចធិបតីលើកឡើងដែរថា លោកគ្រូ អ្នកគ្រូ គឺជាតួអង្គសំខាន់ ដែលជាអ្នកអនុវត្តផ្ទាល់នូវវិស័យអប់រំ និងកំណត់ការអប់រំសិស្ស។ លោកគ្រូអ្នកគ្រូ ត្រូវតែធានាឲ្យបាននូវចំណេះដឹង គុណធម៌ សីលធម៌ និងជាគំរូដល់សិស្ស។ សម្តេចគិតថា អ្នកចាប់អាជីពគ្រូបង្រៀន គឺសុទ្ធតែចង់បានផលមួយ ដែលអ្នកផ្សេងគេធ្វើអត់បាន គឺផលពង្រឹងកសាងមនុស្ស។ ខាងអាជីវករ មូលធន គេបង្កើតការងារ ប៉ុន្តែលោកគ្រូអ្នកគ្រូចង់រួមដំណើរ គឺឃើញក្មេងតូចៗ អាណិតគ្នាធំចង់ឲ្យគ្នាបានជោគជ័យ។
ជាមួយគ្នានោះ សម្តេចធិបតីបានលើកទឹកចិត្តឱ្យមានការអភិវឌ្ឍន៍សមត្ថភាពគ្រូជាប្រចាំ និងបង្កើនទៅលើស្រាវជ្រាវ ចងក្រងឯកសារ បង្កើតវប្បធម៌ស្រាវជ្រាវ និងវប្បធម៌អាន។ ហើយការស្រាវជ្រាវ ចងក្រងរបស់លោកគ្រូអ្នកគ្រូ ត្រូវមានការលើកទឹកចិត្ត។ សម្តេចធិបតីបញ្ជាក់ថា កុំខ្លាចវិនិយោគទៅលើការងារបង្កើតលទ្ធផលបែបនេះ កុំខ្លាចវិនិយោគទៅលើមនុស្ស ដើម្បីបង្កើតលទ្ធផលការងារសម្រាប់ប្រទេសជាតិយើង។ សម្តេចសប្បាយចិត្ត ដែលពួកគាត់លើកឡើងថា ក្នុងមួយឆ្នាំនេះ បានស្រាវជ្រាវ និងចងក្រងសៀវភៅបានជាងមួយពាន់ ទាំងលោកគ្រូ អ្នកគ្រូ និងសិស្ស។
សម្តេចធិបតីបានលើកឡើង កាលសម្តេចរៀននៅក្រៅប្រទេស ពេលដែលចង់សរសេរពីកម្ពុជា ឯកសារនៅក្នុងបណ្ណាល័យ គឺសុទ្ធតែសៀវភៅដែលស្រាវជ្រាវដោយជនបរទេសទាំងអស់ មិនមានសៀវភៅដែលសរសេរដោយជនជាតិខ្មែរនោះទេ ហេតុនេះហើយសម្តេចជំរុញលោកគ្រូអ្នកគ្រូឱ្យមានស្រាវជ្រាវ និងចងក្រងសៀវភៅ ឬឯកសារឱ្យបានច្រើនសម្រាប់ក្មេងជំនាន់ក្រោយ ដើម្បីឈ្វេងយល់ពីប្រវត្តិសាស្រ្តរបស់ខ្លួន។
សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលនឹងរៀបចំការចងក្រងឯកសារប្រវត្តិសាស្ត្រ ពីសតវត្សរ៍ទី១មក ដើម្បីឱ្យកូនខ្មែរសិក្សារៀនសូត្រ ព្រោះប្រទេសផ្សេងគេក៏មានសរសេរប្រវត្តិសាស្រ្តរបស់គេ តែអាចពាក់ព័ន្ធនឹងខ្មែរ ដូច្នេះហើយត្រូវតែសរសេរ ស្រាវជ្រាវ និងចង់ក្រងឱ្យបានច្បាស់។ ក្រៅពីនោះការស្រាវជ្រាវចងក្រងថ្មី ទាក់ទងនឹងវិទ្យាសាស្រ្ត ឬជំនាញផ្សេងជាដើម ក៏ត្រូវបានលើកទឹកចិត្ត៕