អាមេរិកប្រកាសបាញ់ទម្លាក់ដ្រូន Anka របស់ទួរគីដែលបាញ់បង្ហោះឡើងដោយប្រទេសទួរគីដើម្បីបើកការវាយប្រហារលើកងកម្លាំងប្រជាធិបតេយ្យស៊ីរី SDF ប៉ុន្តែយន្តហោះ F16 របស់អាមេរិកបានបាញ់ទម្លាក់ដ្រូនទួរគីជាលើកដំបូង! ការប៉ះទង្គិចគ្នាផ្នែកយោធារវាងប្រទេសណាតូអាចត្រូវបានចាត់ទុកថាជាជោគជ័យស្ថាពរនិងជាផលចំណេញសម្រាប់លោកពូទីនក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ បន្ថែមពីលើការរំខាននៃសភា និងការរំខានការផ្គត់ផ្គង់ដល់អ៊ុយក្រែន សហភាពអឺរ៉ុបកំពុងស្រែកថាខ្លួនមិនអាចគាំទ្រអ៊ុយក្រែនបានទេដោយគ្មានសហរដ្ឋអាមេរិក។ គួបផ្សំនឹងការលុកលុយដោយសត្វល្អិតនៅក្នុងប្រទេសបារាំង ដែលបានបង្កអោយមានស្ថានភាពវឹកវរ និងចលាចលទាំងនៅក្នុងប្រទេសបារាំង និងប្រទេសជិតខាងនៅអឺរ៉ុប។
-
អាមេរិកបាញ់ទម្លាក់ដ្រូនទួរគីហោះហើរលើមូលដ្ឋានទ័ពរបស់ខ្លួន
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០៥ ខែតុលាបានអោយដឹងថា មន្ទីរបញ្ចកោណបាននិយាយថាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបាញ់ទម្លាក់ដ្រូនប្រដាប់អាវុធរបស់ទួរគីដែលកំពុងប្រតិបត្តិការនៅជិតកងទ័ពរបស់ខ្លួននៅក្នុងប្រទេសស៊ីរី ហើយនេះគឺជាលើកទីមួយហើយដែលទីក្រុងវ៉ាស៊ីនតោនបានទម្លាក់ដ្រូនសម្ព័ន្ធមិត្តណាតូទួរគីរបស់ខ្លួន។
មន្ត្រីក្រសួងការពារជាតិទួរគីបាននិយាយថាដ្រូនដែលត្រូវបានបាញ់ទម្លាក់នោះគឺមិនមែនជាកម្មសិទ្ធិរបស់កងកម្លាំងប្រដាប់អាវុធទួរគីនោះទេ ប៉ុន្តែក៏មិនបានបញ្ជាក់ថាជាកម្មសិទ្ធិរបស់អ្នកណានោះដែរ។
ប្រភពមួយនៃសន្តិសុខរបស់ទួរគីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារស៊ើបការណ៍ជាតិរបស់ប្រទេសទួរគី បានបើកការវាយប្រហារនៅក្នុងប្រទេសស៊ីរីប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃឺដ បន្ទាប់ពីពួកគេបានវាយប្រហារដោយគ្រាប់បែកនៅក្នុងទីក្រុងអង់ការ៉ាកាលពីចុងសប្តាហ៍មុន។
ក្រសួងការពារជាតិទួរគីបាននិយាយថា កាលពីយប់ថ្ងៃព្រហស្បតិ៍ ការវាយប្រហារតាមអាកាសរបស់យោធាទួរគីបានបំផ្លាញទៅលើគោលដៅនៃក្រុមសកម្មប្រយុទ្ធឃឺដចំនួន 30 នៅភាគខាងជើងប្រទេសស៊ីរីរួមមានអណ្តូងប្រេង កន្លែងស្តុកទុក និងជម្រក និងពួកសកម្មប្រយុទ្ធជាច្រើននាក់។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយឯកលោក Pat Ryder បាននិយាយថា "យើងមិនមានការចង្អុលបង្ហាញថា ប្រទេសទួរគីពិតជាមានគោលបំណង វាយប្រហារលើកងកម្លាំងសហរដ្ឋអាមេរិកនោះទេ"។
-
ណាតូស្រែកប្រតិកម្មជុំវិញជំនួយអ៊ុយក្រែន
យោងតាមសារព័ត៌មាន Politico ចុះផ្សាយថ្ងៃទី០៥ ខែតុលាបានអោយដឹងថា មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបបានផ្តល់សារមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោនបន្ទាប់ពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានរារាំងកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន៖ ដោយលើកឡើងថាយើងត្រូវការអ្នកដើម្បីជួយទីក្រុង Kyiv អោយមានលទ្ធភាពបន្តប្រឆាំងនឹងប្រទេសរុស្ស៊ីបានដោយខ្លួនឯង។
ខណៈមកដល់ទីក្រុង Granada ប្រទេសអេស្បាញ សម្រាប់ការជួបជុំនៃមេដឹកនាំអឺរ៉ុប អ្នកការទូតកំពូលរបស់ប្លុកលោក Josep Borrell បាននិយាយថា អឺរ៉ុបនឹងមិនអាចទទួលបន្ទុកទាំងស្រុងនៃជំនួយបរទេសសម្រាប់អ៊ុយក្រែនដោយខ្លួនឯងបានទេ។
លោកបានប្រាប់អ្នកកាសែតនៅប៉ុន្មានថ្ងៃបន្ទាប់ពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានបដិសេធមិនព្រមអនុម័តលើវិធានការផ្តល់ជំនួយថវិកាសម្រាប់ទីក្រុង Kyiv ថា "អឺរ៉ុបមិនអាចបំពេញចន្លោះប្រហោងរបស់សហរដ្ឋអាមេរិកបានទេ" ។
ប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី Ursula von der Leyen បានបញ្ចេញការលើកឡើងស្រដៀងគ្នានេះ ដោយគូសបញ្ជាក់ថា EU គ្រោងនឹងអនុម័តថវិកាចំនួន 50 ពាន់លានអឺរ៉ូសម្រាប់ជំនួយដល់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប៉ុន្តែជំនួយរបស់វ៉ាស៊ីនតោននៅតែមានសារៈសំខាន់។
-
ទីក្រុងប៉ារីសកំពុងវាយលុកដោយសត្វល្អិត
យោងតាមសារព័ត៌មាន CBS News ចុះផ្សាយថ្ងៃទី០៣ ខែតុលាបានអោយដឹងថា ត្រឹមតែ រយៈពេល10 ខែទៀតប៉ុណ្ណោះ នឹងឈានដល់ការបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅទីក្រុងប៉ារីសឆ្នាំ 2024ហើយ ប៉ុន្តែក្រលេកមកមើលរដ្ឋធានីរបស់ប្រទេសបារាំងនេះវិញគឺកំពុងតែមមាញឹកក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងការលុកលុយពីក្រុមសត្វល្អិតទាំងនេះនៅឡើយទេ។
សត្វល្អិតតូចៗត្រូវបានរាយការណ៍ប្រទះឃើញជាលើកដំបូងគឺមាននៅក្នុងសណ្ឋាគារ និងតាម Apartment ជួលសំរាប់ស្នាក់នៅក្នុងវិស្សមកាលដែលមាននៅទូទាំងទីក្រុងនេះនៅក្នុងរដូវក្តៅ។ បន្ទាប់មកមានការជួបប្រទះនៅក្នុងរោងកុន ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក៏មានរបាយការណ៍អំពីសត្វល្អិតទាំងនេះវារជុំវិញកន្លែងអង្គុយទាំងលើរថភ្លើងល្បឿនលឿនរបស់ជាតិ និងប្រព័ន្ធមេត្រូទីក្រុងប៉ារីសផងដែរ។
ក្រុមហ៊ុនប៉ារីសដែលមានឯកទេសក្នុងការកំចាត់សត្វល្អិតនិយាយថា ពួកគេកំពុងតែមមាញឹកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ប្រជាជនប៉ារីសចំណាយប្រាក់ជាមធ្យម 500 ដុល្លា ដើម្បីថែរក្សាផ្ទះរបស់ពួកគេ ប្រសិនបើពួកគេរកឃើញសត្វល្អិតតូចៗ។