1. ពូទីនវាយប្រហារឆ្នេរសមុទ្រអ៊ុយក្រែនពីខាងក្នុងទឹកដីរបស់ណាតូ
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី30 ខែកញ្ញាបានអោយដឹងថាក្រសួងការពារជាតិរបស់ប្រទេសរ៉ូម៉ានីបាននិយាយកាលពីថ្ងៃសៅរ៍ថារ៉ាដារបស់កងទ័ពរ៉ូម៉ានីបានរកឃើញការរំលោភលើដែនអាកាសជាតិក្នុងអំឡុងពេលមួយយប់នៃការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីប្រឆាំងទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ប្រទេសអ៊ុយក្រែន។ បន្ទាប់ពីដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅនៅពាក់កណ្តាលខែកក្កដារុស្ស៊ីបានចាប់ផ្តើមវាយប្រហារកំពង់ផែ និងឃ្លាំងស្តុករបស់អ៊ុយក្រែនដែលឆ្លងកាត់ទន្លេ Danubeពីប្រទេសសមាជិកណាតូរ៉ូម៉ានីដែលជាផ្លូវនាំចេញជំនួសដ៏សំខាន់របស់ទីក្រុង Kyiv ។ បំណែកនៃដ្រូនរបស់រុស្ស៊ីត្រូវបានគេរកឃើញនៅលើទឹកដីរ៉ូម៉ានីចំនួនបីដងដាច់ដោយឡែកពីគ្នាក្នុងខែនេះ។ ក្រសួងការពារជាតិបាននិយាយថា"ប្រព័ន្ធឃ្លាំមើលរ៉ាដារបស់កងទ័ពរ៉ូម៉ានីបានកំណត់អត្តសញ្ញាណការបំពានដែនអាកាសជាតិជាមួយនឹងសញ្ញាដែលបង្ហាញឡើងនៅលើផ្លូវទៅកាន់ទីក្រុង Galati"។
2. សហរដ្ឋអាមេរិកកំពុងឃ្លាំមើលកម្លាំងស៊ែប៊ីដ៏ធំនៅតាមព្រំដែនកូសូវ៉ូ
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី30 ខែកញ្ញាបានអោយដឹងថាសេតវិមានបាននិយាយនៅថ្ងៃសុក្រទី29ខែកញ្ញាថាសហរដ្ឋអាមេរិកកំពុងឃ្លាំមើលការដាក់ពង្រាយយោធាស៊ែប៊ីបង្កបញ្ហានៅតាមព្រំដែននៃកូសូវ៉ូ ដែលកំពុងធ្វើឱ្យតំបន់នេះមានអស្ថិរភាព និងបានអំពាវនាវឱ្យកងកម្លាំងនេះត្រូវបានដកចេញ។ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirbyបានប្រាប់អ្នកសារព័ត៌មានថាកងកម្លាំងរក្សាសន្តិភាពរបស់កូសូវ៉ូនឹងបង្កើនវត្តមានរបស់កងកម្លាំងណាតូនៅភាគខាងជើងកូសូវ៉ូ ដោយបណ្តាលមកពីភាពតានតឹងនេះ។ អាជ្ញាធរកូសូវ៉ូ បាននិយាយថា ប៉ូលិសបានប្រយុទ្ធជាមួយជនជាតិស៊ែប៊ី ប្រដាប់អាវុធយ៉ាងសន្ធោសន្ធៅ ប្រមាណ៣០នាក់ ដែលបានវាយលុកភូមិ Banjska នៃទីក្រុងកូសូវ៉ូ កាលពីថ្ងៃអាទិត្យ។ អ្នកវាយប្រហារ៣នាក់ និងប៉ូលិសម្នាក់បានស្លាប់។ ការប្រយុទ្ធគ្នាដោយកាំភ្លើងបានជំរុញឱ្យមានការព្រួយបារម្ភជាថ្មីលើស្ថិរភាពនៅក្នុងកូសូវ៉ូ ដែលមានជនជាតិភាគតិចអាល់បានី និងបានប្រកាសឯករាជ្យពីប្រទេសស៊ែប៊ីក្នុងឆ្នាំ 2008 បន្ទាប់ពីការបះបោរ និងការអន្តរាគមន៍ពីណាតូឆ្នាំ 1999 ។
3. រដ្ឋមន្រ្តីព្រមានទឹកជំនន់នៅទីក្រុង New York
យោងតាមសារព័ត៌មាន The New York Time ចុះផ្សាយថ្ងៃទី30 ខែកញ្ញាបានអោយដឹងថា ភ្លៀងធ្លាក់ខ្លាំងបានវាយលុកទីក្រុងញូវយ៉ក និងតំបន់ជុំវិញកាលពីថ្ងៃសុក្រ ដោយនាំមកនូវទឹកជំនន់ភ្លាមៗ ការបិទផ្លូវរថភ្លើងក្រោមដីទាំងមូល និងបង្វែរផ្លូវសំខាន់ៗទៅជាបឹងអស់ហើយ។ អភិបាលក្រុង អ្នកស្រី Kathy Hochul បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដោយជំរុញឱ្យប្រជាជនញូវយ៉កស្នាក់នៅផ្ទះ និងគិតគូរចំពោះអ្នកដែលរស់នៅក្នុងផ្ទះរឺបន្ទប់ក្រោមដី ដែលអាចជួបនឹងបញ្ហាគ្រោះអាក្រក់បំផុត។ ថ្នាក់ដឹកនាំរដ្ឋនិងក្រុងបានអង្វរអ្នកស្រុកកុំឲ្យមើលស្រាលខ្យល់ព្យុះនេះអោយសោះដែលបានបោកបក់ភ្លៀងធ្លាក់បង្កមហន្តរាយក្នុងពេលដ៏ខ្លីបំផុត។ អ្នកស្រី Hochul បានហៅវាថាជា "ព្រឹត្តិការណ៍ទឹកភ្លៀងដែលគំរាមកំហែងដល់អាយុជីវិត" ហើយអភិបាលក្រុង Eric Adams បានហៅព្យុះនេះថា ជា"អ្វីមួយដែលយើងមិនអាចមើលស្រាលបាន"។ អ្នកស្រុកក្នុងទីក្រុងខណៈពេលដែលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏បានយកចិត្តទុកដាក់ ហើយមនុស្សជាច្រើនបានស្នាក់នៅផ្ទះ និងបិទផ្លូវ។