ក្រោយពីមានសំណួរពីប្រជាពលរដ្ឋយ៉ាងច្រើន ដែលបានចោទសួរពីការគិតគូររបស់រាជរដ្ឋាភិបាលលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកនោះ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញរបាយការណ៏មួយចំនួន ដែលធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច។
នៅក្នុងរបាយការណ៍នេះបានបង្ហាញអំពីទិន្នន័យសាច់ប្រាក់ដែលរាជរដ្ឋាភិបាលបានបញ្ចេញ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ និងជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន៣រួមមាន៖
ទី១. ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ១៩ ដែលកម្មវិធីនេះចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ និងបានដំណើរបានអស់រយៈពេល៣៩ ខែ។ ហើយប្រជាពលរដ្ឋដែលទទួលបានផលពីកម្មវិធីនេះមានចំនួនសរុប៤៣៧,៧៣១ គ្រួសារ (ស្មើនឹងប្រជាជនជាង២លាន៧សែននាក់) ដែលរដ្ឋបានចំណាយថវិកាសរុបជិត១ពាន់២០០លានដុល្លារ ( ចំនួន៤,៨០៥,៨០១,៦៩៩,០០០រៀល ឬ១,១៧២,១៤៦,៧៥៦ដុល្លា)។
ទី២. ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩។ មកទល់ពេលនេះមានស្ត្រី និងកុមារដែលទទួលផលពីកម្មវិធីនេះ ចំនួន៣៣៩,៩៧៧នាក់ មានថវិកាជិត២៧លានដុល្លារ ( ១១០,៤០១,២០០,០០០ រៀល ឬ ២៦,៩២៧,១១២ ដុល្លារ។
ទី៣. ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។ ប្រជាពលរដ្ឋដែលបានទទួលផលពីកម្មវិធីនេះមានចំនួន៤៩៥,១១៩គ្រួសារ (ស្មើនឹងប្រជាជនជាង១លាន៨សែននាក់) ហើយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុប៤២,៤១៤,៦៣៩ ដុល្លារ (១៧៣,៩០០,០២១,២០០រៀល)
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ កម្មវិធីទាំង៣នេះ បានផ្ដល់អត្ថប្រយោជន៍ ចំពោះគ្រួសារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួនជាង ២លាន៧សែននាក់ (៤៣៧,៧៣១គ្រួសារ) មានទឹកប្រាក់សរុបជាង១ពាន់២រយលានដុល្លារ។
ខាងលើនេះ គឺគិតចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់តែចំនួនបីប៉ុណ្ណោះ។ ក្រៅពីកម្មវិធីទាំង៣នេះ រាជរដ្ឋាភិបាលក៏មានគោលនយោបាយផ្សេងទៀតជាច្រើន សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ក្នុងគ្រប់វិស័យនៅទូទាំងប្រទេស។ លោកថា កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ៕