នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ត្រីភាគី ដែលមានតំណាងកម្មករនិយោជិត តំណាងនិយោជក និងភាគីរាជរដ្ឋាភិបាល បានបន្តពិភាក្សាលើការចចារប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ហើយលទ្ធផលបានបង្ហាញហើយគឺ២០៤ដុល្លារក្នុង១ខែ។
តាមរយៈគ្រុបតេឡេក្រាមនារសៀល ថ្ងៃទី២៨ ខែកញ្ញា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សម្តេចទទួលបានរបាយការណ៍ផ្លូវការពីរដ្ឋមន្ត្រីក្រសួងការងារហើយ អំពីលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល គឺតួលេខ២០២ដុល្លារ ទទួលបានសំឡេងគាំទ្រលើសគេ។ ដូច្នេះយោងលើសំឡេងបោះឆ្នោតនេះ ប្រាក់ឈ្នួលអប្បបរមា គឺតួលេខ ២០២ដុល្លារ ប៉ុន្តែដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត សម្តេចសម្រេចបន្ថែម២ដុល្លារទៀត ទៅលើតួលេខ២០២ដុល្លារ ដូច្នេះប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារ ក្នុង១ខែ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់លើការពិភាក្សាប្រាក់ឈ្នួលអប្បបរមានេះតាំងពីពេលចាប់ផ្តើម។ ការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិត គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ឈរលើមូលដ្ឋាននៃលទ្ធភាពជាក់ស្តែង ដែលរាជរដ្ឋាភិបាលអាចសម្រួលជូនទៅភាគីនិយោជក ខ្ញុំបានសម្រេចបន្ថែម២ដុល្លារ ទៅលើតួលេខ២០២ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារក្នុង១ខែ”។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា “ខ្ញុំសូមឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការផ្សព្វផ្សាយ និងជូនដំណឹងដល់បងប្អូនកម្មករ និយោជិត ក៏ដូចជាសាធារណជនឱ្យបានជ្រាបជាព័ត៌មាន។ ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ ខ្ញុំសូមជម្រាបជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថា ខ្ញុំនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត។ទន្ទឹមនឹងនេះ ខ្ញុំនឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកា ខាងមុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។ ខ្ញុំសូមអរគុណ និងសូមកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីតំណាងបងប្អូនកម្មករនិយោជិត និងតំណាងនិយោជក ដែលបានខិតខំប្រកបដោយវិជ្ជាជីវៈ និងស្មារតីរួមក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ”៕