នីតិវិធីចំនួន៣នេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ នាវិមានសន្តិភាព។
នៅក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក ដែលបានផ្តល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ។ ដែលប្រាក់ជំនួយនេះ នឹងត្រូវយកទៅប្រើប្រាស់នៅក្នុងវិស័យសំខាន់ៗចំនួន៤គឺ៖ ទី១, ការកែលម្អការផ្ដល់សេវាសុខាភិបាលទាំងក្នុងផ្នែករដ្ឋ និងផ្នែកឯកជន ទី២, ការការពារបរិស្ថានប្រកបដោយចិរភាព ទី៣, ការការពារ និងការប្រយុទ្ធនឹងជំងឺរបេង និងទី៤, ការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជាជាដើម។
ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរមកកម្ពុជាវិញ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តសម្របសម្រួល និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅគ្រប់ជំហាននៃនីតិវិធី ពោលគឺ៖ ទី១, ពន្លឿននីតិវិធីក្នុងការកំណត់អត្តសញ្ញាណ និងការរៀបចំបញ្ជូន ទី២, ធ្វើសាមញ្ញកម្មនីតិវិធីនៅពេលបញ្ជូន និងទី៣, រៀបចំផែនការសកម្មភាព នៃការគាំទ្រ និងការធ្វីសមាហរណកម្មសម្រាប់ឱ្យពលរដ្ឋខ្មែរ ដែលអាចបន្ស៊ាំ និងអាចធ្វីសមាហរណកម្មទៅក្នុងសង្គមកម្ពុជា សំដៅកសាងជីវិតថ្មីមួយ ឱ្យបានល្អសមស្របនៅលើទឹកដីកម្ពុជា។
គួររំលឹកថា នៅក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានពិភាក្សាលើករណីនេះផងដែរ ជាមួយលោកជំទាវ វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក ដែលនៅក្នុងកិច្ចពិភាក្សានោះ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន បានស្នើឲ្យកម្ពុជាពន្លឿននីតិវិធី នៃការទទួលយកពលរដ្ឋទាំងនោះ។
ចំណែកសម្តេចធិបតី បានបញ្ជាក់ថា ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា នឹងពិនិត្យ កែសម្រួលនីតិវិធី ឱ្យដំណើរការនេះ បានប្រព្រឹត្តិទៅដោយរលូន ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ហើយសម្ដេចបានស្នើឱ្យសហរដ្ឋអាមេរិកយកចិត្តទុកដាក់ ជាពិសេសចំពោះពលរដ្ឋខ្មែរ ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ ជាពិសេសពលរដ្ឋដែលមានបញ្ហាសុខភាព។
លោកជំទាវ វ៉ិចតូរីយ៉ា នូលែន បានបញ្ជាក់ថា បញ្ហាសុខភាពពលរដ្ឋ គឺជាអ្វី ដែលសហរដ្ឋអាមេរិកបានយកចិត្តទុកដាក់កន្លងមក និងបន្តយកចិត្តទុកដាក់បន្ថែម ជាពិសេស តាមការស្នើរបស់សម្តេចធិបតី៕