សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចតភ្ជាប់អាស៊ាន ជាមួយពិភពលោក នៅទីក្រុងភ្នំពេញ នៅថ្ងៃទី២៨ និង២៩ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីស្វែងយល់អំពីឱកាស និងបញ្ហាប្រឈមនៃសមាហរណកម្មសេដ្ឋកិច្ច ហើយក្នុងនោះ នឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្នុងវិស័យធុរកិច្ច និងវិស័យនយោបាយផងដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក Tassilo BRINZERបានលើកឡើងថា កិច្ចប្រជុំថ្ងៃខាងមុខនេះ នឹងស្វែងយល់អំពីសេដ្ឋកិច្ចនៃតំបន់មេគង្គ ដោយមានជំនួបថ្នាក់ដឹកនាំមកពីប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ដើម្បីលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ និងជាមួយប្រទេសផ្សេងៗទៀតនៅលើពិភពលោក។ កិច្ចប្រជុំនេះ គឺជាការបូកសរុបនៃការងារជាច្រើនខែកន្លងមក នៃការជំរុញការធ្វើសមាហរណកម្មក្នុងតំបន់ ពាណិជ្ជកម្ម និងធ្វើឲ្យបរិយាកាសធុរកិច្ចអំណោយផលដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
លោកស្រី Cristina Novio-Garcia អ្នកគ្រប់គ្រងផ្នែកពាណិជ្ជកម្ម វិស័យឯកជន និងថាមពល នៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា កម្មវិធីរយៈពេល២ថ្ងៃនេះ នឹងជំរុញឱ្យទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងអាស៊ាន កាន់តែជិតស្និតជាងមុន និងពង្រីកទំហំវិនិយោគរបស់អឺរ៉ុបនៅអាស៊ានផងដែរ។
ចំណែកលោក Martin Brisson នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអឺរ៉ុប បានឲ្យដឹងថា កិច្ចប្រជុំកំពូលនោះ នឹងនាំមកនូវអ្នកអនុវត្ត និងអ្នកជំនាញមកពីវិស័យច្រើនខុសៗគ្នា ដើម្បីផ្តល់ចំណេះដឹង និងការយល់ដឹងជាក់ស្តែងជាច្រើន ហើយផ្តល់ឱកាសដ៏ល្អក្នុងការផ្លាស់ប្តូរ និងស្វែងយល់ពីសក្តានុពលពាណិជ្ជកម្ម និងការវិនិយោគរបស់កម្ពុជានិងតំបន់។ លោកបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះដែរ គឺជាការបូកសរុបនៃការងារជាច្រើនខែកន្លងមក នៃការជំរុញការធ្វើសមារហកម្មក្នុងតំបន់ ពាណិជ្ជកម្ម និងធ្វើឲ្យបរិយាកាសធុរកិច្ចអំណោយផលដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ក្រៅពីនេះ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ក៏នឹងចេញផ្សាយសៀវភៅសឆ្នាំ២០២៤ ដែលជាបញ្ជីនៃអនុសាសន៍គោលនយោបាយ ដែលគ្របដណ្តប់លើវិស័យចំនួន១២ ក៏ដូចជាការស្ទង់មតិទំនុកចិត្តធុរកិច្ចឆ្នាំ២០២៣ ដែលជាការស្ទង់មតិលម្អិតដែលអនុញ្ញាតឲ្យអ្នកដឹកនាំធុរកិច្ចនៅក្នុងប្រទេសកម្ពុជាអាចធ្វើការពិព័ណ៌នាយ៉ាងច្បាស់លាស់អំពីបរិយាកាសសម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជា។
គួររំលឹកថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នាពេលខាងមុខនោះ នឹងមានការចូលរួមពី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផងដែរ។
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ដោយសមាគមធុរកិច្ចបារំាង អាល្លឺម៉ង់ និងអង់គ្លេសនៅកម្ពុជា ដើម្បីដើរតួជាសភាផ្លូវការនៃសហគមន៍ធុរកិច្ចអឺរ៉ុបក្នុងប្រទេសកម្ពុជា។ មកដល់ពេលនេះ សភាពាណិជ្ជកម្មអឺរ៉ុប មានសមាជិកកើនឡើងរហូត ៣០០ និងមានការិយាល័យប្រចាំប្រទេសចំនួនប្រាំ ដែលទាំងអស់ គឺរួមមាន ១១ ប្រទេសនៅអឺរ៉ុប៕