មនុស្សមួយចំនួនគិតថាពេលដែលយន្តហោះបញ្ចេញផ្សែងឆ្នូតពណ៌សនៅលើអាកាសគឺជាការសុំផ្លូវ ពេលដែលគេហោះឆ្លងកាត់ប្រទេស រឺទ្វីប ប៉ុន្តែការពិតទៅរឿងនេះកើតឡើងដោយសារហេតុផលផ្សេងដែលវិទ្យាសាស្រ្តអាចបកស្រាយបាន។ ជាធម្មតានៅក្នុងអំឡុងពេលហោះហើររបស់យន្តហោះ យើងតែងតែសង្កេតឃើញថាមានពេលខ្លះវាបានបញ្ចេញផ្សែងឆ្នូតពណ៌សដូចជាពពកនៅលើអាកាស តើអ្នកដឹងទេរឿងនេះកើតឡើងដោយសារមូលហេតុអ្វី?
ជាការពិតទៅ វាមិនខុសពីការដែលយើងដកដង្ហើមនៅក្នុងរដូវរងានោះទេ ដែលអ្នកទាំងអស់គ្នាសង្កេតឃើញថារាល់ពេលដែលយើងបញ្ចេញខ្យល់ដង្ហើមមកក្រៅ នោះយើងនឹងបង្កើតបានជាផ្សែងដង្ហើមពណ៌ស។
ដូចទៅនឹងការបញ្ចេញផ្សែងរបស់យន្តហោះនៅពេលហោះហើរដែរ នៅពេលដែលផ្សែងកម្តៅ និងសំណើមរបស់វាត្រូវបានបញ្ចេញពីម៉ាស៊ីនយន្តហោះ វាក៏បានលាយឡំចូលជាមួយនឹងស្រទាប់បរិយាកាស ខណៈដែលស្រទាប់បរិយាកាសនោះស្ថិតនៅក្នុងរយៈកម្ពស់ខ្ពស់ នោះនាំអោយសំពាធបរិយាកាស និងសីតុណ្ហភាពទាបជាងផ្សែងដែលបញ្ចេញដោយយន្តហោះ។
បន្ទាប់មកចំហាយទឹកដែលផ្ទុកឡើងនៅក្នុងផ្សែងយន្តហោះនោះក៏ត្រូវបានហាប់ និងកកឡើង ហើយដំណើរការរលាយចូលគ្នានេះក៏បង្កើតឡើងទៅជាដុំពពក ដែលមានភាពស្រដៀងគ្នាទៅនឹងខ្យល់ដង្ហើមក្តៅៗរបស់អ្នកដែលបញ្ចេញឡើងនៅក្នុងថ្ងៃដែលមានអាកាសធាតុត្រជាក់យ៉ាងដូច្នេះឯង។ ម្យ៉ាងទៀតភាពខុសគ្នាៗរបស់ផ្សែងឆ្នូតសនេះក៏អាស្រ័យទៅលើរយៈកម្ពស់របស់យន្តហោះ រឺកំរិតសំណើម និងសីតុណ្ហភាពរបស់បរិយាកាសផងដែរ ហើយវាក៏អនុញ្ញាតអោយយើងអាចសិក្សាទស្សន៍ទាយពីអាកាសធាតុបានដែរ។ ជាទូទៅ ផ្សែងឆ្នូតសដែលស្តើង និងមានរយៈពេលខ្លី បង្ហាញថាមានកំរិតសំណើមទាបនៅរយៈកម្ពស់ខ្ពស់ ដែលនេះជាសញ្ញានៃអាកាសធាតុល្អ។ ចំណែកប្រសិនបើមានផ្សែងឆ្នូតសក្រាស់ និងមានរយៈពេលវែង នោះនឹងបង្ហាញថាមានកំរិតសំណើមខ្ពស់នៅរយៈកម្ពស់ខ្ពស់ ដែលនេះជាសញ្ញាប្រាប់អាចនឹងមានភ្លៀងខ្លាំង រឺខ្យល់ព្យុះកើតឡើង។