ការចាប់ផ្តើមជាមួយវិបត្តិការទូតដែលផ្ទុះឡើងរវាងគណៈប្រតិភូអ៊ុយក្រែន និងអ៊ីស្រាអែលនៅខាងក្នុងច្រករបៀងរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បន្ទាប់ពីគណៈប្រតិភូទីក្រុង Tel Aviv ដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានប្រើប្រាស់ផែនទីចាស់បង្ហាញថាប្រទេសអ៊ុយក្រែនទាំងស្រុងគឺស្ថិតនៅខាងក្នុងព្រំដែននៃសហភាពសូវៀត ដែលបានបង្កឱ្យមានការសើចចំអកជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ។ ម៉្យាងវិញទៀត ឧត្តមសេនីយរុស្ស៊ីដែលត្រូវបានបណ្តេញចេញ លោក Sergei Sorovokin បានបង្ហាញខ្លួននៅក្នុងរដ្ឋអាល់ហ្សេរីដោយមិនបានបញ្ជាក់ពីមូលហេតុនៃវត្តមានរបស់លោកនៅទីនោះ ឬមួយត្រូវតែងតាំងលោកឱ្យកាន់តំណែងណាមួយឡើយ ដែលចោទប្រកាន់លោកថាបានចូលរួមក្នុងការធ្វើរដ្ឋប្រហារមិនពេញលេញរបស់ក្រុម Wagner ផងដែរ។ នៅឯអង្គការសហប្រជាជាតិ ប្រធានាធិបតីអ៊ុយក្រែនលោក បានចោទប្រកាន់សម្ព័ន្ធមិត្តអឺរ៉ុបរបស់លោកថាបានជួយរុស្ស៊ីក្នុងការប្រើប្រាស់ចំនីអាហារជាអាវុធតាមរយៈការសម្រេចចិត្តក្នុងការហាមឃាត់នាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែន។ ប៉ូឡូញបានឆ្លើយតបភ្លាមៗចំពោះសុន្ទរកថារបស់លោក Zelensky ដោយកោះហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែន និងគំរាមហាមឃាត់ផលិតផលកសិកម្មរបស់អ៊ុយក្រែនបន្ថែមទៀត។
-
Netanyahu ស្ទើរតែប្រើប្រាស់ផែនទីចាស់ដោយគ្មានអ៊ុយក្រែន
យោងតាមសារព័ត៌មាន The Time Of Israel ចុះផ្សាយថ្ងៃទី២១ ខែកញ្ញាបានអោយដឹងថា ផែនទីចាស់ដែលបង្ហាញពីសម័យសហភាពសូវៀតត្រូវបានរុញចេញពីបន្ទប់ប្រជុំនៅអង្គការសហប្រជាជាតិកាលពីថ្ងៃទី19 ខែកញ្ញាកន្លងទៅនេះ។ កុងស៊ុលរបស់អ៊ីស្រាអែលនៅទីក្រុងញូវយ៉កស្ទើរតែបង្កឱ្យមានឧប្បត្តិហេតុការទូតដ៏ធំមួយបន្ទាប់ពីខ្លួនចាប់យកផែនទីខុសសម្រាប់កិច្ចប្រជុំរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ជាមួយមេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky ។
ការិយាល័យនាយករដ្ឋមន្ត្រីចង់បានផែនទីពិភពលោកមួយសម្រាប់កិច្ចប្រជុំ។ ដូច្នេះកុងស៊ុលបាននាំយកផែនទីមួយមក នេះបើតាមសារព័ត៌មាន Israel Hayom។
អី្វដែរជាបញ្ហា? នោះគឺព្រោះផែនទីនេះមានតាំងពីទសវត្សរ៍ឆ្នាំ1960មកម្ល៉េះ ហើយបង្ហាញពីដែនដីសហភាពសូវៀតដោយគ្មានដែនដីឯករាជ្យរបស់អ៊ុយក្រែនទេ។ បន្ទាប់មកវាក៏ត្រូវបានយកចេញយ៉ាងឆាប់រហ័សនៅប្រមាណជា10នាទីមុនពេលកិច្ចប្រជុំ។
ទំនាក់ទំនងរវាងទីក្រុង Kyiv និងទីក្រុង Jerusalem មានភាពតានតឹងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញបញ្ហាជំនួយ។ អ៊ីស្រាអែលបានបដិសេធមិនបញ្ជូនជំនួយដល់អ៊ុយក្រែន ដោយភ័យខ្លាចនឹងបង្កកំហឹងដល់រុស្ស៊ី និងអាចបង្កគ្រោះថ្នាក់ដល់សេរីភាពរបស់កងកម្លាំងការពារអ៊ីស្រាអែលនៅស៊ីរី។
-
មេទ័ពរុស្ស៊ីក្បត់ត្រឡប់មកបម្រើជាតិវិញ
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៥ ខែកញ្ញាបានអោយដឹងថា សារព័ត៌មាន Kommersant បានរាយការណ៍កាលពីថ្ងៃសុក្រថា ឧត្តមសេនីយ៍រុស្ស៊ីលោក Sergei Surovikin ស្ថិតនៅក្នុងប្រទេសអាល់ហ្សេរី ដែលជាផ្នែកមួយរបស់គណៈប្រតិភូក្រសួងការពារជាតិ នៅក្នុងការវិលត្រឡប់មកបំពេញការងារជាផ្លូវការវិញ បន្ទាប់ពីលោករងការសង្ស័យមានជាប់ពាក់ព័ន្ធនឹងការបះបោរប្រឆាំងកាលពីខែមិថុនាជាមួយនឹងកម្លាំងទាហានស៊ីឈ្នួល Wagner ។
កាសែតបានចុះផ្សាយរូបថតរបស់លោក Surovikin ស្លៀកឈុតពណ៌កាគី ដោយគ្មានសញ្ញាយោធា ដោយពួកគេបាននិយាយថា ត្រូវបានថតនៅប្រទេសអាល់ហ្សេរី ដែលជាប្រទេសទិញអាវុធរុស្ស៊ីដ៏សំខាន់មួយ។
លោក Surovikin ដែលត្រូវបានអោយរហ័សនាមថា "General Armageddon" គឺដោយសារភាពលេចធ្លោរបស់លោកក្នុងការប្រើប្រាស់យុទ្ធសាស្ត្រCarpet Bombing នៅក្នុងការជ្រៀតជ្រែកយោធារុស្ស៊ីនៅក្នុងសង្គ្រាមស៊ីវិលស៊ីរី និងបានដឹកនាំយុទ្ធនាការរបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីឆ្នាំមុន។
-
ប៉ូឡូញចាប់ផ្តើមបង្ហាញការបោះបង់ចោលអ៊ុយក្រែនជាផ្លូវការ
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២០ ខែកញ្ញាបានអោយដឹងថា ប្រទេសប៉ូឡូញបានកោះហៅបេសកជនរបស់ទីក្រុង Kyiv ទៅកាន់ក្រសួងការបរទេសកាលពីថ្ងៃពុធ បន្ទាប់ពីការអត្ថាធិប្បាយរបស់ប្រធានាធិបតីអ៊ុយក្រែនស្តីពីការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិបានធ្វើឱ្យរដ្ឋាភិបាលទីក្រុង Warsawខឹងសម្បា ខណៈដែលកំពុងតែពង្រឹងជំហររបស់ខ្លួនមុនការបោះឆ្នោតខែតុលានេះ។
ក្រសួងការបរទេសអ៊ុយក្រែនបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់នៅក្នុងជម្លោះដែលបានកើតឡើងរវាងទីក្រុង Kyiv ប្រឆាំងនឹងប្រទេសជិតខាងទាំង3 ជុំវិញការសម្រេចចិត្តរបស់ពួកគេក្នុងការដាក់ការហាមឃាត់ឯកតោភាគីលើការនាំចូលកសិផលរបស់អ៊ុយក្រែន។
ប៉ូឡូញគឺជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតមួយរបស់ទីក្រុង Kyiv ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ2022 ប៉ុន្តែប្រទេសទាំងនេះកំពុងជាប់គាំងនៅក្នុងជម្លោះជុំវិញការនាំចូលកសិផលនេះ។ ប្រទេសប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី បានបន្តការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។