ឧត្តមសេនីយ Mark Milley ប្រធានអគ្គសេនាធិការចម្រុះអាមេរិក បាននិយាយថា ប្រទេសរបស់លោកមិនចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធនៅលើដីក្នុងប្រទេសអ៊ុយក្រែនទេ ហើយក៏មិនគ្រប់គ្រងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំយោធាអ៊ុយក្រែនដែរ ប៉ុន្តែពេញចិត្តជាមួយនឹងការបង្ហាញរង្វាយតម្លៃរបស់ខ្លួនអំពីទីតាំងយោធាដល់ទីក្រុងគៀវ ខណៈដែលទុកជម្រើសដល់មេបញ្ជាការយោធាជាអ្នកសំរេច។ នៅក្នុងប្រទេសរុស្ស៊ីផ្ទាល់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយសមភាគីរបស់លោក គឺមេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន។ របាយការណ៍បាននិយាយថាលោកពូទីនបានស្នើសុំទាហានដើម្បីជួយដល់កងកម្លាំងរុស្ស៊ីដែលកំពុងប្រយុទ្ធនៅភាគខាងកើតនិងភាគខាងត្បូងអ៊ុយក្រែនក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ខណៈដែលមេដឹកនាំកូរ៉េខាងជើងទទួលបានការសន្យាពីរុស្ស៊ីថានឹងផ្គត់ផ្គង់ដល់មេដឹកនាំទីក្រុងព្យុងយ៉ាងវិញ។ រដ្ឋមន្ត្រីការបរទេស Sergei Lavrov បាននិយាយថា រុស្ស៊ីបានសម្រេចចិត្តតាំងពីឆ្នាំ 2017 មកគឺដកទណ្ឌកម្មទាំងអស់លើកូរ៉េខាងជើង។
1.ពូទីនស្នើឲ្យទាហានកូរ៉េខាងជើងចូលរួមក្នុងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន
យោងតាមសារព័ត៌មាន Sky News ចុះផ្សាយថ្ងៃទី១២ ខែកញ្ញាបានអោយដឹងថា លោក Sung-Yoon Lee អ្នកឯកទេសខាងកូរ៉េខាងជើងបានកំណត់នូវអ្វីដែលប្រធានាធិបតីរុស្ស៊ីនឹងសង្ឃឹមថានឹងទទួលបានពីកិច្ចពិភាក្សារបស់លោកជាមួយនឹងលោក Kim Jong Un។
លោកបាននិយាយថា លោកពូទីនចង់បានគ្រាប់រំសេវ គ្រាប់កាំភ្លើងធំប្រឆាំងរថក្រោះ និងប្រហែលជាកម្លាំងមនុស្សផងដែររបស់កូរ៉េខាងជើង ពោលគឺទាហានកូរ៉េខាងជើងដែលកំពុងប្រតិបត្តិការនៅតំបន់ព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែន។
លោកបានបន្តថា“មានពលករកូរ៉េខាងជើងរាប់ពាន់នាក់នៅតែស្ថិតក្នុងប្រទេសរុស្ស៊ី បើទោះបីជាមានដំណោះស្រាយសន្តិសុខអង្គការសហប្រជាជាតិកាលពីខែធ្នូ ឆ្នាំ 2017 ក៏ដោយ ដែលរុស្ស៊ីបានចុះហត្ថលេខាលើ ដោយក្នុងនោះមានការអំពាវនាវឱ្យរដ្ឋសមាជិកអង្គការសហប្រជាជាតិទាំងអស់បញ្ជូនពលករទាំងអស់ដែលធ្វើការនៅក្រៅប្រទេសត្រឡប់មកកូរ៉េខាងជើងវិញ។
លោកបានបន្តថា"នៅក្នុងប្រទេសកូរ៉េខាងជើង រដ្ឋាភិបាលមិនបង្ហាញការយកចិត្តទុកដាក់ច្រើនចំពោះជីវិតមនុស្សនិងជីវិតប្រជាជនរបស់ពួកគេនោះទេ។ ដូច្នេះមានទិដ្ឋភាពជាក់ស្តែងភាគច្រើនចំពោះការចរចាប្រភេទនេះរវាងអ្នកទាំងពីរ។"
2. ឧត្តមសេនីយ៍ Mark Milley ថាអាមេរិចមិនចូលរួមប្រយុទ្ធនៅអ៊ុយក្រែនទេ
យោងតាមសារព័ត៌មាន CBS News ចុះផ្សាយថ្ងៃទី១០ ខែកញ្ញាបានអោយដឹងថា ការវាយបករបស់អ៊ុយក្រែន ដែលលោកឧត្តមសេនីយ៍ Mark Milley បានជួយរៀបចំផែនការកំពុងដំ
ណើរការទៅតស៊ូខ្លាំងជាងការរំពឹងទុក។ លោក Milley បានលើកឡើងថា«វាដើរយឺតជាងការរំពឹងទុក ល្បែងសង្គ្រាមដែលត្រូវបានធ្វើឡើងនោះគឺយើងគ្រាន់តែអ្នកចាំជួយជ្រោមជ្រែងពួកគេប៉ុណ្ណោះក្នុងការលេងវា និងរៀបចំដាក់ផែនការសង្គ្រាមរបស់ពួកគេ»។ «ប៉ុន្តែនោះជាភាពខុសគ្នារវាងសង្រ្គាមនៅលើក្រដាសនិងសង្រ្គាមពិតប្រាកដ។ ដូច្នេះនេះគឺជាមនុស្សពិតប្រាកដដែលបានស្លាប់យ៉ាងពិតប្រាកដ ហើយរថយន្តពិតៗដែលបានផ្ទុះឡើងមែនទែន ដូច្នេះមនុស្សគ្រប់គ្នាច្បាស់ជាមានទំនោរបន្ថយការវាយលុកនៅក្នុងកាលៈទេសៈបែបនេះ។»។
លោក Mark Milley បានបន្តថា«ការជ្រើសរើសគោលដៅ និងសិទ្ធិអំណាចដើម្បីធ្វើការវាយប្រហារគឺជារបស់អ៊ុយក្រែន។ អ្វីដែលយើងធ្វើគឺផ្តល់ព័ត៌មានគ្រប់គ្រាន់ឱ្យពួកគេបានយល់ដឹងពីស្ថានភាព" ។
លោក Milley បាននិយាយថា "យើងកំពុងជួយអ៊ុយក្រែនការពារខ្លួនឯង នោះគឺជាអ្វីដែលយើងកំពុងធ្វើ" ។
3. Zelenskyy ធ្វើដំណើរទៅទីក្រុងញូវយ៉កដើម្បីបញ្ចុះបញ្ចូលសកលលោក
យោងតាមសារព័ត៌មាន Politico ចុះផ្សាយថ្ងៃទី១៤ ខែកញ្ញាបានអោយដឹងថា ប្រធានាធិបតីអ៊ុយក្រែនគ្រោងនឹងបង្ហាញខ្លួនដោយផ្ទាល់នៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិនៃមេដឹកនាំពិភពលោកនៅសប្តាហ៍ក្រោយ។ ហើយលោកមានបេសកកម្មមួយ៖ គឺការប្រើភាពទាក់ទាញមួយទល់នឹងមួយដើម្បីបញ្ចុះបញ្ចូលក្រុមនៃប្រទេសដែលស្ទាក់ស្ទើរគាំទ្រទីក្រុង Kyiv ប្រឆាំងនឹងរុស្ស៊ី។
លោក Zelenskyy សង្ឃឹមថានឹងលើកករណីរបស់លោកទាំងនៅក្នុងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ និងនៅក្នុងកិច្ចប្រជុំជាមួយមេដឹកនាំប្រទេសដទៃទៀត នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អ៊ុយក្រែនដែលដឹងពីផែនការនេះ។
ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះប្រឈមនឹងបញ្ហាលំបាក។ ប្រទេសមួយចំនួនដែលបានគេចវេសមិនជ្រើសរើសយកខាងណាមួយ គឺមានដូចជាទ្វីបអាហ្រ្វិក អាស៊ី និងអាមេរិកឡាទីន ដែលជារឿយៗហៅថា Global South ហើយពួកគេតែងតែស្អប់ខ្ពើមនឹងមហាអំណាចពិភពលោកណាមួយ ប្រសិនបើវាអាចបំផ្លាញផលប្រយោជន៍ជាតិរបស់ពួកគេ។ ទោះបីជាពួកគេបានថ្កោលទោសចំពោះការលុកលុយរបស់វិមានក្រឹមឡាំងក៏ដោយ ក៏ពួកគេជាច្រើនមិនបានកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច ឬការទូត ឬអនុវត្តការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើរុស្ស៊ីដែរ ដោយអនុញ្ញាតឱ្យទីក្រុងម៉ូស្គូរក្សាលំហូរសាច់ប្រាក់មួយចំនួនបាន។