នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា កន្លងមកនេះ ក្រសួងយុត្តិធម៌បានធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ដោយបានដាក់ឱ្យដំណើរការជំហានទី១ លើការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល កាលពីខែកុម្ភៈ ឆ្នាំ២០២៣។
បើតាមក្រសួងយុត្តិធម៌ រហូតមកដល់ពេលនេះ ក្រសួងបាន និងកំពុងបន្តធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី២ ដើម្បីផ្តល់ នូវភាពឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជនបន្ថែមទៀត ក្នុងគោលដៅកាត់បន្ថយការ ចំណាយលើពេលវេលា និងថវិកា ជូនសាធារណជនក្នុងការស្នើសុំព្រឹត្តិបត្រថ្កោលទោស ស្របតាមយុទ្ធសាស្ត បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។
ចំពោះប្រជាពលរដ្ឋនៅក្រៅប្រទេស ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ក្រសួងយុត្តិធម៌ បាននិងកំពុងសហការជាមួយក្រសួងការបរទេស ដើម្បីពិភាក្សារៀបចំបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំព្រឹត្តិបត្រថ្កោលទោសតាមរយៈស្ថានតំណាងកម្ពុជានៅតាមបណ្ដាប្រទេសនានា ហើយក្រសួងយុត្តិធម៌ នឹងធ្វើការជូនដំណឹងអំពីបែបបទ និងនីតិវិធីនៃការស្នើសុំព្រឹត្តិបត្រថ្កោលទោសសម្រាប់ ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសនាពេលខាងមុខ។ ក្រសួងក៏នឹងជូនដំណឹងអំពីពេលវេលាជាក់លាក់នៃការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស ឌីជីថល ក្នុងជំហានទី២ នាពេលឆាប់ៗខាងមុខនេះផងដែរ។
គួររំលឹកថា មានប្រសាសន៍នៅក្នុងពិធីសំណេះ សំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ-សហគ្រាស ប្រមាណជិត២ ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំ ឱ្យមានការធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ដោយត្រូវបង្កើតការិយា ល័យអនុព័ន្ធ ដើម្បីចាត់បញ្ជូនមន្ត្រីទៅប្រចាំការ និងរៀបចំប្រតិបត្តិការ និងគ្រប់គ្រងទិន្នន័យ។ ដោយឡែកចំពោះលិខិតថ្កោលទោស គឺត្រូវរៀបចំធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយមានក្រសួងយុត្តិធម៌ទទួលបន្ទុករៀបចំ និងអនុវត្ត។
បន្ថែមលើនេះផងដែរ សម្តេចធិបតី ក៏បានប្រគល់ភារកិច្ចជូនឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ដើម្បីធ្វើការជាមួយច្រកព្រំដែនចេញ-ចូលទាំងអស់ ដោះស្រាយកម្រៃក្រៅសេវាពាក់ព័ន្ធការធ្វើលិខិតស្នាម សម្រាប់ការឆ្លងដែន ដើម្បីសម្រួលការលំបាកក្នុងការឆ្លងកាត់ និងចេញ-ចូល របស់ប្រជាពលរដ្ឋផងដែរ៕