ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី កាលពីព្រឹកថ្ងៃច័ន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តបញ្ចូល សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ បន្ទាប់ពីសេចក្តីព្រាងច្បាប់ទំាងពីរនេះ ត្រូវបានគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យសិក្សាចប់សព្វគ្រប់តាមនីតិវិធី។
គួររំលឹកថា សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ទី២៤ ខែសីហា ឆ្នាំ២០២៣ អនុម័តយល់ព្រម ដោយប្ដូរឈ្មោះក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចទៅជាក្រសួងអធិការកិច្ច និងបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
ការកែសម្រួលឈ្មោះ “ក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច" ទៅជា "ក្រសួងអធិការកិច្ច” សេចក្តីប្រកាសពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា នៅឆ្នាំ១៩៩៩ រាជរដ្ឋាភិបាលបានបង្កើតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងអភិបាលកិច្ច ដើម្បីធានាប្រសិទ្ធភាព សុចរិតភាព មនសិការវិជ្ជាជីវៈ វិន័យការងារ និងភាពស្អាតស្អំរបស់រដ្ឋបាលសាធារណៈ ព្រមទាំងបានចូលរួមចំណែកទប់ស្កាត់ ប្រយុទ្ធប្រឆាំង កាត់បន្ថយ និងឈានទៅលុបបំបាត់អំពើពុករលួយ។
យោងតាមសាវតារលើវិស័យអធិការកិច្ច និងភាពចាំបាច់របស់រាជរដ្ឋាភិបាលក្នុងការប្រគល់ តួនាទីភារកិច្ចលើវិស័យទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាជូនស្ថាប័ននានា ការប្តូរឈ្មោះក្រសួងជា “ក្រសួងអធិការកិច្ច" ពិតជាឆ្លើយតបនឹង៖ ទី១, កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ទី២, ស្មារតីនៃកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣, និងទី៣, បំណងប្រាថ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ត្រូវបានរៀបចំឡើងចំនួន១០មាត្រា។
ដោយឡែក “សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន” សេចក្តីប្រកាសពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា ឈរលើមនសិការ និងឆន្ទៈមោះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីផ្សារភ្ជាប់ ជានិច្ចជាមួយកិច្ចការពារស្ថិរភាពនយោបាយ និងសន្តិសុខសង្គម រាជរដ្ឋាភិបាលនីតិកាលទី៧ នៃ រដ្ឋសភា នៅតែបន្តផ្តល់តម្លៃកិច្ចការព្រំដែន ជាកិច្ចការដ៏មានសារៈសំខាន់ ជាអាយុជីវិតរបស់ជាតិ និងជាអាទិភាពខ្ពស់បំផុតរបស់ខ្លួន ដែលត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បំផុត និងដោយប្រកាន់ខ្ជាប់ ឥតងាករេនូវឧត្តមគតិស្នេហាជាតិដ៏ស្មោះត្រង់បំផុត។
ក្នុងន័យនេះ រាជរដ្ឋាភិបាលសម្រេចបង្កើត “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន” ជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុងគោលបំណង បង្កើតឱ្យមានស្ថាប័នថ្មីមួយដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថកិច្ច ពេញលេញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបន្តបេសកកម្មក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ឈានឆ្ពោះទៅបិទបញ្ចប់បញ្ហានេះជាស្ថាពរ ព្រមទាំងការអភិវឌ្ឍតំបន់ព្រំដែន ទុកជាប្រយោជន៍ដល់ការពង្រឹងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី និងលើកស្ទួយការថែរក្សា សមិទ្ធផលព្រំដែនជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ក្រោមការដឹកនាំ និងចង្អុលបង្ហាញប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ឱ្យឋិតថេរ គង់វង្ស យូរអង្វែង ទុកជាមរតកដ៏ឧត្តុង្គឧត្តមជូនកូនខ្មែរគ្រប់ជំនាន់ សំដៅថែរក្សាសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍនៅតំបន់ព្រំដែន។ សេចក្តីព្រាងច្បាប់នេះមានចំនួន៨មាត្រា៕