ចាប់ផ្តើមជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken ដែលបានធ្វើទស្សនកិច្ចដ៏សំខាន់ និងមិនបានប្រកាសទៅកាន់រដ្ឋធានី Kiev របស់អ៊ុយក្រែន ក្នុងអំឡុងពេលនោះ លោកបានជួបសមភាគីអ៊ុយក្រែន លោក Dmytro Kuleba បន្ថែមដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក Blinken បានប្រកាសពីការផ្តល់ជំនួយផ្នែកយោធា និងមនុស្សធម៌ដល់អ៊ុយក្រែនដែលមានតម្លៃមួយពាន់លានដុល្លារួមទាំងផ្នែកយោធារបស់ពួកគេលើសំណល់មីស៊ីលអ៊ុយរ៉ាញ៉ូមដើម្បីប្រឈមនឹងខែលការពាររថក្រោះ និងយានជំនិះរបស់រុស្ស៊ីនៅលើសមរភូមិ។
-
អាមេរិកសន្យាបន្តគាំទ្រអ៊ុយក្រែន
យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី០៧ ខែកញ្ញាបានអោយដឹងថា រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានសន្យាផ្តល់ជំនួយបន្ថែមចំនួន 1 ពាន់លានដុល្លាដល់អ៊ុយក្រែនកាលពីថ្ងៃពុធក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Kyiv ក្នុងគោលបំណងជំរុញការគាំទ្រសម្រាប់ប្រទេសនេះ។
អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកបាននិយាយថា លោកបានទទួលការ Update ពីសមរភូមិពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដែលទើបតែត្រលប់មកពីទីតាំងជួរមុខវិញ ហើយបានចេញមកដោយមាន"ទំនុកចិត្តយ៉ាងខ្លាំងថាអ៊ុយក្រែននឹងឈ្នះ" នៅពេលដែលពួកគេដណ្តើមបានទឹកដីដែលកាន់កាប់មកវិញ។
ប៉ុន្តែនៅពេលដែលត្រូវបានសួរដោយអ្នកសារព័ត៌មានថា តើអ្វីដែលរុញច្រានភាពសុទិដ្ឋិនិយមរបស់លោក លោកBlinkenក៏បានទាញឡើងនូវស្ថិតិមកវិញតាំងពីខែកក្កដា ដែលបង្ហាញថាអ៊ុយក្រែនបានដណ្តើមយកមកវិញប្រហែលបានពាក់កណ្តាលនៃទឹកដីដែលរុស្ស៊ីបានដណ្តើមបានចាប់តាំងពីការឈ្លានពានរបស់ខ្លួន។
ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះគឺជាដំណើរទស្សនកិច្ចលើកទីបួនរបស់លោក Blinken ទៅកាន់ប្រទេសអ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ2022 និងជាលើកទីប្រាំមួយរបស់លោកចាប់តាំងពីចូលកាន់តំណែង។ កញ្ចប់ថវិកាចំនួន 1 ពាន់លានដុល្លាអាមេរិក រួមមានគ្រឿងបន្លាស់ការពារដែនអាកាស គ្រាប់កាំភ្លើងធំ 155មីល្លីម៉ែត្រ កាំជ្រួចប្រឆាំងរថក្រោះ ប្រព័ន្ធរុករកផ្លូវអាកាស និងគ្រាប់សំណល់អ៊ុយរ៉ានីញ៉ូមក្នុងចំណោមឧបករណ៍ផ្សេងៗទៀត។
-
ប៉ូឡូញអាចនឹងចាប់ផ្តើមធ្វើបត្យាប័នដល់បុរសអ៊ុយក្រែនគេចខ្លួន
យោងតាមសារព័ត៌មាន Kyiv Post ចុះផ្សាយថ្ងៃទី០៤ ខែកញ្ញាបានអោយដឹងថា បន្ទាប់ពីមានករណីជាច្រើននៃគណៈកម្មការវេជ្ជសាស្ត្រយោធាអ៊ុយក្រែន និងការិយាល័យដែលមានការអនុញ្ញាតផ្សេងទៀតទទួលយកសំណូកដើម្បីក្លែងបន្លំចេញលិខិតលើកលែងវេជ្ជសាស្រ្តសម្រាប់អ្នកដែលអាចចេញធ្វើទាហានបាន។ លោកប្រធានាធិបតី Zelensky បានបញ្ជាឱ្យពិនិត្យលើការចេញការអនុញ្ញាតទាំងអស់ដែលធ្លាប់បានផ្តល់ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយយ៉ាងពេញទំហឹងរបស់រុស្ស៊ី។
កាលពីថ្ងៃទី 1 ខែកញ្ញា លោក David Arachamia មេដឹកនាំគណបក្សបំរើប្រជាជនអ៊ុយក្រែន បាននិយាយថា ទីភ្នាក់ងារអនុវត្តច្បាប់របស់អ៊ុយក្រែនគួរតែទាមទារការធ្វើបត្យាប័នដល់បុរសដែលមានអាយុគ្រប់ធ្វើយោធា ដែលបានចាកចេញពីអ៊ុយក្រែនដោយខុសច្បាប់ ដើម្បីគេចចេញពីការកេណ្ឌ និងកាត់ទោសពួកគេ។
សារព័ត៌មានប៉ូឡូញ Rzeczpospolitej បានរាយការណ៍អំពីទិន្នន័យដែលផ្តល់ដោយឆ្មាំព្រំដែនប៉ូឡូញថា មនុស្សពេញវ័យអ៊ុយក្រែន 2.87 លាននាក់បានឆ្លងចូលទៅក្នុងប្រទេសប៉ូឡូញចន្លោះថ្ងៃទី24ខែកុម្ភៈឆ្នាំ2022ដល់ថ្ងៃទី31ខែសីហាឆ្នាំនេះ។ វាត្រូវបានប៉ាន់ប្រមាណថាបុរសប្រហែល80,000នាក់ដែលមានអាយុពី18-60ឆ្នាំដែលមានសក្ដានុពលសម្រាប់ការបម្រើយោធាបានឆ្លងចូលប្រទេសនេះ។
-
ទាហាន និងអ្នកស្ម័គ្រចិត្តជាច្រើននាក់ស្លាប់ក្នុងការវាយប្រហារនៃ Burkina Faso
យោងតាមសារព័ត៌មាន Azerbaycan24 ចុះផ្សាយថ្ងៃទី០៦ ខែកញ្ញាបានអោយដឹងថា រដ្ឋអំណាចក្នុងប្រទេស Burkina Faso បាននិយាយថា សមាជិក 53 នាក់នៃកងកម្លាំងសន្តិសុខរបស់ខ្លួន និងអ្នកវាយប្រហាររាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នា "ដ៏ខ្លាំងក្លា" ជាមួយនឹងក្រុមសកម្មជនជីហាដដែលសង្ស័យនៅភាគខាងជើងនៃប្រទេសអាហ្វ្រិកខាងលិច។
កងកម្លាំងប្រដាប់អាវុធ Burkina Faso បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា អ្នកស្លាប់រួមមានទាហាន 17 នាក់ និងយុទ្ធជនស្ម័គ្រចិត្ត 36 នាក់ ដោយបន្ថែមថាប្រហែល 30 នាក់ផ្សេងទៀតបានរងរបួស។ ទីក្រុង Ouagadougou ក៏បានរាយការណ៍ថាបានបង្រ្កាបអ្នកវាយប្រហារទាំងរាប់សិបនាក់នោះរួចហើយ។
ការប៉ះទង្គិចគ្នានេះបានកើតឡើងកាលពីថ្ងៃចន្ទនៅក្នុងខេត្ត Yatenga ក្នុងអំឡុងពេលប្រតិបត្តិការកងកម្លាំងជាតិដើម្បីដណ្តើមយកទីក្រុង Koumbri មកវិញ "ដើម្បីអនុញ្ញាតឱ្យមានការតាំងទីលំនៅថ្មី" នៃអ្នកស្រុកដែលត្រូវបានផ្លាស់ទីលំនៅ "អស់រយៈពេលជាងពីរឆ្នាំ" មកហើយ នេះបើយោងតាមបុគ្គលិកទូទៅរបស់កងទ័ព។