អគ្គស្នងការនគរបាលជាតិ បានចេញអនុសាសន៍សំខាន់ៗជូនដល់មន្ត្រីនគរបាលជាតិ ដើម្បីពង្រឹងវិន័យកងកម្លាំងនគរបាលឱ្យបានម៉ឺងម៉ាត់ ក៏ដូចជាអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ស ថេត បានស្នើដល់ថ្នាក់ដឹកនាំជាកងកម្លាំងនគរបាល ត្រូវបន្តយកចិត្តទុកដាក់លើកិច្ចការរួមមាន៖
ទី១. ត្រូវបន្តរួមគ្នាជាធ្លុងមួយ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីបំពេញតួនាទី ភារកិច្ចតាមការកំណត់ ស្របតាមជំនាញ គោរពឋានានុក្រម និងច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធ។
ទី២. ជំរុញការកែទម្រង់កងកម្លាំងនគរបាលជាតិ ដោយធ្វើការអភិវឌ្ឍស្ថាប័ន និងកសាងធនធានមនុស្ស យកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព សុខុមាលភាពរបស់កងកម្លាំងនគរបាល ជំរុញការអនុវត្តគោលនយោបាយចំពោះមន្ត្រីនគរបាលចូលនិវត្តន៍ និងបាត់បង់សមត្ថភាព ពលី ពិការដោយសារបុព្វហេតុសន្តិសុខជាតិ។
ទី៣. ត្រួតពិនិត្យ និងគ្រប់គ្រងកងកម្លាំងឱ្យបានជាក់លាក់ និងជាប់ជាប្រចាំ ទាំងបរិមាណ វត្តមាន និងសតិអារម្មណ៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ។ ករណីមានការខ្វះខាតកងកម្លាំង ឬកងកម្លាំងណាមួយជួបការលំបាក ត្រូវធ្វើរបាយការណ៍។
ទី៤. បន្តពង្រឹងវិន័យកងកម្លាំងនគរបាលឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរ កិត្តិយស និងសីលធម៌របស់កងកម្លាំងនគរបាលជាតិ ដើរទន្ទឹមនឹងការខិតខំពង្រឹងសមត្ថភាព ការហ្វឹកហ្វាត់បំប៉នជំនាញឱ្យបានជាប់ជាប្រចាំដើម្បីលើកកម្ពស់ការថែរក្សាការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គមឱ្យបានល្អ។
ទី៥. ពង្រឹងប្រសិទ្ធភាព និងរបៀបរបបការងារតាមសមត្ថកិច្ចជំនាញ និងឋានានុក្រម ដើរទន្ទឹមនឹងការគិតគូរលើកទឹកចិត្តកងកម្លាំងនគរបាលដែលមានស្នាដៃល្អ និងធ្វើការដាក់វិន័យកងកម្លាំងនគរបាលដែលប្រព្រឹត្តខុសឆ្គង ៕