ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកម្ពុជា វៀតណាម និងឡាវ នៅតែបន្តរក្សាប្រពៃណីនៃការជួបទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារត្រីភាគី នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗ នៅក្នុងតំបន់ដដែល នេះបើតាមលទ្ធផល នៃកិច្ចពិភាក្សា រវាងថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំង៣នៅនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នាព្រឹកនេះ។
នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារត្រីភាគីជាមួយឯកឧត្តម ផាម មីញជីញ (Pham Minh Chính) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំង៣បានពិភាក្សា និងបានឯកភាពជាគោការណ៍ ៥ចំណុច៖
ទី១. បន្តរក្សាប្រពៃណីនៃការជួបទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារត្រីភាគី នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗក្នុងតំបន់ ដែលតែងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសទាំងបី ។
ទី២. បន្តដោះស្រាយជាមួយគ្នា និងជំរុញសម្រេចឱ្យបាននូវលទ្ធផល ចំពោះបញ្ហាដែលនៅសេសសល់ទាំងឡាយ ។
ទី៣. បន្តអនុវត្តន៍យន្តការនៃការកំណត់ព្រំដែនរវាងប្រទេសទាំងបី ដើម្បីបញ្ចប់ទាំងស្រុង នាពេលឆាប់ៗខាងមុខ។
ទី៤. បន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, សន្តិសុខ, ការផ្សារភ្ជាប់រវាងប្រជាជន និង ប្រជាជន, វប្បធម៌ និង ប្រពៃណី ។
ទី៥. ជំរុញបន្ថែមនូវទំនាក់ទំនង និង ការផ្សារភ្ជាប់រវាងប្រទេសទាំងបី លើគ្រប់មធ្យោបាយរួមទាំងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវ ផ្លូវដែក និងកំពង់ផែ, ខ្សែច្រវាក់ផ្គត់ផ្គង់, និងទេសចរណ៍ ។
នៅក្នុងជំនួបនេះផងដែរ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានផ្ដាំផ្ញើការសួរសុខទុក្ខ និង ក្តីនឹករលឹកជូនចំពោះ សម្ដេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង បានបង្ហាញបំណងចង់ជួបសំណេះសំណាលដោយផ្ទាល់ជាមួយ សម្តេចតេជោ នៅក្នុងពេលណាមួយខាងមុខ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញសម្តេចមហាបវរធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវនាឆ្នាំ២០២៤ ខាងមុខ។
សូមបញ្ជាក់ថា ការជួបទទួលទានអាហារពេលព្រឹកនេះ គឺជាប្រពៃណី ដែលថ្នាក់ដឹកនាំនៃប្រទេសទាំង៣ តែងបានអនុវត្តកន្លងមក នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗនៅក្នុងតំបន់ ៕