សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចាកចេញពីភ្នំពេញហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី ហើយការចេញដំណើររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលនេះ គឺជាការចាប់ផ្តើមបើកទំព័របេសកកម្មក្រៅប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ដោយហេតុថា នៅឯកិច្ចប្រជុំនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាមេដឹកនាំក្មេងជាងគេ គ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំប្រទេសធំៗជាច្រើនទៀតមានដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលហ្សេឡង់ ជាដើម។
នេះជាការលើកឡើងរបស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បន្ទាប់ពីការចាកចេញពីមាតុប្រទេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
បើតាមលោក ប៉ែន បូណា នៅមុនពេលចេញដំណើរនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងាររួចហើយជាមួយតំណាងប្រទេសមហាអំណាចធំៗដូចជា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, គណៈប្រតិភូសភានិងតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិនជាដើម។
លោកបន្តថា រហូតមកទល់ពេលនេះ មានមេដឹកនាំ ដែលជាប្រធានាធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់មកពីជាង៤០ ប្រទេស និងមកពីគ្រប់ជ្រុងជ្រោយនៃពិភពលោកបានផ្ញើសារអបអរសាទរជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់កម្ពុជា។ មានប្រទេសខ្លះ បានផ្ញើសារអបអរសាទររហូតដល់ពីរ ឬបីក៏មាន។ ពោលគឺសារអបអរសាទរពីនាយករដ្ឋមន្ត្រី ឬប្រធានាធិបតីផង រដ្ឋមន្ត្រីការបរទេសផង និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតផង។ នេះសបញ្ជាក់អំពីសន្តានចិត្ត និងមនោសញ្ចេតនាគាំទ្រដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងនោះ មកលើសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានក្លាយជានាយករដ្ឋមន្ត្រីបន្តវេនរបស់កម្ពុជាតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។
ដោយឡែក បើក្រឡេកទៅមើលការបោះឆ្នោតកាលពីថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ អត្រានៃការចូលរួមបោះឆ្នោតមានរហូតដល់ជាង៨៤%។ ក្នុងនោះមានអ្នកបោះឆ្នោតជាង៨២% បានទម្លាក់សន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ មានន័យថា ប្រជាពលរដ្ឋខ្មែរគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន។ បើធៀបនឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ សំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាកើនឡើងពីជាង៧៤% ដល់ជាង៨២%។ នេះសបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋខ្មែរគាំទ្រយ៉ាងលើសលប់ដល់បេក្ខជននាយករដ្ឋមន្ត្រីបន្តវេន គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ឈរលើមូលដ្ឋានដូចបានលើកឡើងខាងលើ គេអាចសន្និដ្ឋានបានប្របកដោយភាពសត្យានុម័តថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចេញដំណើរនៅលើមូលដ្ឋានគ្រឹះនៃការគាំទ្រយ៉ាងរឹងមាំពីសំណាក់ផ្ទៃក្នុងជាតិផង ពីសំណាក់ប្រទេសក្នុងតំបន់ផង និងលើឆាកអន្តរជាតិផង៕