ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ-សហគ្រាសជិត២ម៉ឺននាក់ នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រឹកទី០១ ខែកញ្ញា នេះ។
បើតាមឯកឧត្តមនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានគិតគូចំពោះកម្មករ និយោជិត រាប់ចាប់ពីពេលមានផ្ទៃពោះ រហូតដល់ក្រោយពេលសម្រាលបុត្រ ដែលជាការធានាបាននូវផលប្រយោជន៍ជូនប្រជាជនឲ្យរស់រវើក និងល្អប្រសើរ និងការធានានូវសមត្ថភាពក្នុងការប្រកួតប្រជែង។ ក្នុងន័យនេះ ដរាបណាបងប្អូនជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់បន្តដឹកនាំនោះ គោលនយោបាយបង្កើតការងារ និងកែលម្អជីវភាពប្រជាពលរដ្ឋ និងត្រូវបន្តជានិច្ច។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងពីការសោកស្តាយរបស់សម្តេចតេជោ ហ៊ុន សែន ខណៈដែលកម្ពុជាបានរងគ្រោះក្នុងដំណាក់កាលនៃការរាលដាលជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យកំណើនសេដ្ឋកិច្ច ធ្លាប់តែកើនរៀងរាល់ឆ្នាំក្នុងរង្វង់៧ភាគរយ ត្រូវបានធ្លាក់ចុះ ហើយបង្កផលប៉ះពាល់ជីវភាពប្រជាពលរដ្ឋ ហើយផែនការថវិកាបម្រុងទុករបស់រាជរដ្ឋាភិបាលសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអាទិភាពផ្សេងៗ ត្រូវបានផ្អាក ដោយបង្វែរមកជាថវិកាសម្រាប់អន្តរាគមន៍បន្ទាន់សម្រាប់ជួយសង្គ្រោះ និងការពារអាយុជីវិតប្រជាជនជំនួសវិញ។ អ្វីដែលជាការគិតគូរ ការដឹកនាំ និងការផ្តល់ជាអាទិភាពរបស់ថ្នាក់ដឹកនាំ និងគណបក្សប្រជាជន គឺជាការដឹកនាំប្រទេសជាតិ ការពង្រឹងគុណភាព និងការលើកស្ទួយជីវភាពប្រជាជន តាមរយៈការជួយប្រជាពលរដ្ឋឲ្យមានជីវភាពល្អ ការបង្កើតការងារឲ្យបានច្រើន ការធានាសមធម៌ និងភ្ជាប់ជាមួយនឹងយុត្តិធម៌សង្គម ឈរលើសិទ្ធិសេរីភាព និងការរស់នៅថ្លៃថ្នូរ។
ជាមួយគ្នានេះ គោលការណ៍ក្នុងការបង្កើតការងារ គឺជាកិច្ចការសំខាន់ ទាំងបរិមាណ និងគុណភាព ដោយបរិមាណ ត្រូវគិតទាំងចំនួន និងទីតាំង ហើយគុណភាព គឺការងារអនុវត្តទៅតាមច្បាប់៖ ការពារសិទ្ធិសេរីភាពរបស់កម្មករ-និយោជិត, បង្កើនយន្តការអធិការកិច្ច, លើកកកម្ពស់សុខមាលភាពរបស់កម្មករ-និយោជិត និងប្រជាពលរដ្ឋ, លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងប្រាក់បៀវត្ស ប្រភេទការងារ និងសុខសុវត្ថិភាពការងារ។
បន្ថែមពីនេះ ឯកឧត្តមកិត្តិទេសាភិបាល ក៏បានរំលឹកឡើងវិញផងដែរ នូវគោលនយោបាយអាទិភាពទាំង៦ និងទិសដៅការងារទាំង៤។ ហើយក៏បានដាក់ចេញបន្ថែមនៅចក្ខុវិស័យក្នុងការយកចិត្តទុកដាក់ចំពោះបងប្អូនដែលចាត់ទុកជាអ្នកបម្រើការ និងប្រកបរបរចិញ្ចឹមជីវិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ ក្នុងនោះមានដូចជា ទី១. ការលើកលែងការផាកពិន័យ និងបំណុលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធណាមួយ ដែលមានបំណងចូលរួម និងចុះបញ្ជីត្រឹមត្រូវតាមគោលការណ៍លក្ខខណ្ឌ និងច្បាប់តម្រូវ, ទី២. លើកទឹកចិត្តផ្នែកពន្ធដារ និងចុះបញ្ជី លើកលែងការផាកពិន័យ និងទោសទណ្ឌផ្សេងៗ៕