នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងដើម្បីដឹកជញ្ជូនកម្មករ-កម្មការិនីរោងចក្រក្នុងរាជធានីភ្នំពេញ ទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ។
នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍លើកឡើងថា នាពេលកន្លងទៅរដ្ឋបានចំណាយថវិកាប្រមាណជាង៦០ម៉ឺនដុល្លារ សម្រាប់ការដឹកជញ្ជូនពលរដ្ឋទាំងទៅទាំងមក ខណៈការចំណាយនេះ ត្រូវបានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកថា ជាគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តគោលនយោបាយនេះជាបន្តទៀត។
សូមរំលឹកថា នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបញ្ជាឲ្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ សហការជាមួយសាលារាជធានីភ្នំពេញ រៀបចំរថយន្តក្រុងដឹកកម្មករ-កម្មការិនី ទៅស្រុកកំណើតនាពិធីបុណ្យជាតិ និងទៅបោះឆ្នោត ដោយមិនមានយកប្រាក់ និងការរើសអើងណាមួយនោះទេ៕