ស្ពានបេតុងខ្សែកាប ភ្ជាប់ពីកោះពេជ្រទៅកោះនរា តម្លៃ៣៨លានដុល្លារ នឹងត្រូវរៀបចំពិធីភ្ជាប់នៅសប្តាហ៏ទី២ ខែកញ្ញា ខាងមុខនេះហើយ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ ខណៈដែលបច្ចុប្បន្ន ការសាងសង់សម្រេចបានប្រមាណជាង៩០ភាគរយហើយ។
នេះបើយោងតាមការឲ្យដឹងពីលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ។ លោកបញ្ជាក់យ៉ាងនេះថា “បច្ចុប្បន្នការសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា បានសម្រេចប្រមាណ៩២ ភាគរយហើយ។ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញចូលរួមជាគណៈអធិបតីភាពក្នុងពិធីប្រារព្ធភ្ជាប់ស្ពានបេតុងខ្សែកាប។ តាមផែនការ ស្ពានខ្សែកាបនេះ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ មុនព្រះរាជពិធីបុណ្យអុំទូក”។
ស្ពាននេះ បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
តាមរបាយការណ៍របស់ក្រុមហ៊ុន OCIC បានឲ្យដឹងថា ស្ពានបេតុងខ្សែកាបនេះ មានប្រវែងសរុប៨២៤ម៉ែត្រ។ ក្នុងនោះ មានទទឹង២៤.៥ម៉ែត្រ បណ្តោយប្រវែង៤៨៣ម៉ែត្រ។ សសរសម្រាប់ព្យួរខ្សែកាប មានកម្ពស់៦០ម៉ែត្រ គិតចាប់ពីផ្ទៃតួស្ពានទៅលើអាកាស។ ស្ពាននេះ គ្រោងចំណាយពេលសាងសង់៣៥ខែ។ ស្ពានបេតុងខ្សែកាបនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស៕