សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី បានរំឭកដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៧ ឱ្យប្រុងប្រយ័ត្នចំពោះភាពអគុណធម៌ លើការរៀបចំមន្ត្រីក្នុងអាណត្តិថ្មី។ អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានរំឭកបែបនេះនៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា សម្តចធ្លាប់បានលើកឡើងក្នុងអង្គប្រជុំដើមអាណត្តិទី៦ ក្នុងឆ្នាំ២០១៨ ពាក់ព័ន្ធនឹងការ «រក្សាចាស់ បង្កើតថ្មី» ដើម្បីរំឭកដល់មន្ត្រីបន្តវេណនៅតាមស្ថាប័នានា ឱ្យប្រុងប្រយ័ត្នចំពោះភាពអគុណធម៌ លើការរៀបចំមន្ត្រីក្នុងអាណត្តិថ្មី។
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រឱ្យមានការកែទម្រង់ តែមិនគាំទ្រការរៀបចំណា ដែលខ្វះការឱ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយៈពេលកន្លងមក ហើយត្រូវដកចេញដោយគ្មានហេតុផលនោះដែរ។
សូមបញ្ជាក់ថា គណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបើកកិច្ចប្រជុំពេញអង្គលើកដំបូង កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
នៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» និងវិធានការគន្លឹះ៥ ខណៈកម្ពុជាមានមហិច្ឆតា ចង់លើកស្ទួយមោទកភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ ហើយ ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០៕