ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើង ថៃ ឡាវ និងវៀតណាម រួមជាមួយនឹងឥទ្ធិពលខ្សោយពីព្យុះទីហ្វុង ឈ្មោះ "សាវឡា" ស្ថិតនៅខាងកើតនៃភាគខាងជើងប្រទេសហ្វីលីពីន ដែលព្យុះនេះនឹងដើរចូលដល់ភាគអាគ្នេយ៍ប្រទេសចិន នៅថ្ងៃទី២ ខែកញ្ញា។
ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះថា នៅតំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរិមា មានពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរិមា មានពី ៣២-៣៤អង្សាសេ ហើយអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ក្រសួងបានឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរិមា មានពី ២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរិមា មានពី ៣១-៣៣អង្សាសេ ហើយអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរិមា មានពី ២៤-២៦អង្សាសេ និង សីតុណ្ហភាពអតិបរិមា មានពី ២៩-៣១អង្សាសេ ហើយ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈនៅលើផ្ទៃសមុទ្រអាចមានភ្លៀង ខ្យល់បក់បោក និងរលកសមុទ្របង្គួរ៕