ក្រុមប្រដាប់អាវុធបានរំដោះឧក្រិដ្ឋជនជាប់ទោសគ្រឿងញៀនម្នាក់ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ពេលអនុរក្សពន្ធនាគារបញ្ជូនទៅព្យាបាលធ្មេញនៅគ្លីនិកមួយកន្លែង ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
សមត្ថកិច្ចខេត្តសៀមរាប បានឱ្យដឹងថា ជនសង្ស័យ១ក្រុមប្រដាប់ដោយអាវុធ បានបើកបររថយន្ត Lexus មករំដោះអ្នកទោសជនជាតិចិនម្នាក់ ឈ្មោះ Chen Hsin Han នៅក្បែរបបរសរាជនី កន្លែងពេទ្យធ្មេញ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ និងបានយករថយន្តទៅផ្លុងចោលនៅជិតបុរីអាខេត ក្នុងសង្កាត់ស្វាយដង្គំ ហើយគេចខ្លួនបាត់។
សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងបន្តថា អ្នកទោសជនជាតិចិន ដែល បក្ខពួករំដោះទៅនោះ គឺជាមេខ្លោងជួញដូរគ្រឿងញៀន ហើយត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥២ឆ្នាំ កាលពីឆ្នាំ២០០៩។
សមត្ថកិច្ចបានឱ្យដឹងបន្តថា ក្នុងពេលអនុវត្តទោសនៅក្នុងពន្ធនាគារ អ្នកទោសមានជំងឺឈឺធ្មេញ ពិបាកទទួលទានអាហារ ក៏ត្រូវបានមន្ត្រីពន្ធនាគារបញ្ជូនមកព្យាបាល ប៉ុន្តែមិនធូរស្បើយ ។ លុះដល់ថ្ងៃកើតហេតុ ជាថ្ងៃដែលគ្រូពេទ្យណាត់ជួបអ្នកជំងឺ ក៏ត្រូវបានក្រុមមន្ត្រីបានបញ្ជូនអ្នកទោសមកព្យាបាលបន្ត ក៏ស្រាប់តែលេចមុខឧក្រិដ្ឋជនមួយក្រុមប្រដាប់ដោយអាវុធ ចូលមកភ្ជង់រំដោះអ្នកទោសបានសម្រេចតែម្ដង។
សូមបញ្ជាក់ថា នៅក្នុងរថយន្តដែលក្រុមជនប្រដាប់អាវុធយកទៅផ្លុងចោលជិតបុរីអាខេត ត្រូវបានសមត្ថកិច្ចរកឃើញអាវុធជាច្រើនដើម និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ខណៈ បច្ចុប្បន្នកម្លាំងមានសមត្ថកិច្ចកំពុងតាមរកក្រុមឧក្រិដ្ឋជនទាំងនោះយកមកផ្តន្ទាទោស៕