ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំង បានប្រកាសប្រឆាំងហាមឃាត់មិនអនុញ្ញាតឱ្យមានការដាំដុះកញ្ឆាដាច់ខាត ព្រោះមិនមានផលចំណេញនោះទេ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំង បានមានប្រសាសន៍បែបនេះ ក្នុងវីដេអូ ដែលផុសលើផេកផ្លូវការ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះថា កន្លងទៅមានការ Lobby ឱ្យមានការដាំកញ្ឆានៅស្រុកខ្មែរ ប៉ុន្តែឯកឧត្តមមាន ទស្សនៈប្រឆាំងដាច់ខាតព្រោះមិនផ្ដល់ផលចំណេញដល់ជាតិនោះទេ ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ដំណាំកញ្ឆាត្រូវបានគេប្រើប្រាស់នៅក្នុងផ្នែកវេជ្ជសាស្រ្ត ដោយផលិតចេញជាឱសថ និងអាចផ្ដល់ចំណូលចូលជាតិក្តី តែឯកឧត្តម នៅតែរក្សាជំហរប្រឆាំងការដាំកញ្ឆានៅកម្ពុជា ហើយក៏ជាជំហរអត់មានថយក្រោយដែរ ព្រោះនាំឱ្យវឹកវរដល់សង្គមជាតិ។
យោងតាមរបាយការណ៍របស់ វីគីឡីឌា បានឱ្យដឹងថា កញ្ឆា ( Cannabis ) មានដើមកំណើតនៅអាស៊ីកណ្តាល និងខាងត្បូង ហើយរុក្ខជាតិនេះ ត្រូវបានគេប្រើជាថ្នាំសម្រាប់ការកម្សាន្ត និងគោលបំណងអង់ទីហ្សែន និងក្នុងឱសថបុរាណជាច្រើនសតវត្សមកហើយ ហើយសមាសធាតុកញ្ឆាមានឥទ្ធិពលផ្លូវចិត្ត និងរាងកាយផ្សេងៗគ្នា ដែលរួមមាន ភាពរីករាយ ការផ្លាស់ប្តូរស្ថានភាពរបស់ចិត្តនិងអារម្មណ៍ ការលំបាកក្នុងការផ្តោតអារម្មណ៍ ចុះខ្សោយការចងចាំរយៈពេលខ្លី និងចលនារាងកាយចុះខ្សោយជាដើម៕