លោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យយកច្បាប់មកអនុវត្តចំពោះករណីមន្ត្រីនគរបាលម្នាក់ ដែលមានឋានៈជាអធិការរង ខណ្ឌចំការមន ដែលប្រើហិង្សាលើពលរដ្ឋ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍។
សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះថា ក្នុងនាមជាមន្ត្រីនគរបាលជាតិ ពេលឃើញករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលខូចខាតទ្រព្យសម្បត្តិសាធារណៈ ត្រូវធ្វើការសួរនាំ និងឃាត់យានយន្តយកមករក្សាទុក ដើម្បីអនុវត្តតាមនិតិវិធី និងផាកពិន័យតាមច្បាប់ ប៉ុន្តែក្នុងនាមជាមន្ត្រីនគរបាល បើអនុវត្តខុស គឺត្រូវតែអនុវត្តតាមច្បាប់។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានឱ្យដឹងដែរថា តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មន្ត្រីដែលអនុវត្តខុស ដោយបានប្រើអំពើហិង្សាលើប្រជាពលរដ្ឋ គឺត្រូវតែយកច្បាប់មកអនុវត្ត។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន ស្ថិតលើផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ក្នុងសង្កាត់ផ្សារដើមថ្កូវ ព្រំប្រទល់សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើករថយន្ត PRIUS ទៅបុកឃឿនផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតបន្តិចបន្តួច បន្ទាប់ពីកើតហេតុបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមន បានមកឃាត់រថយន្ត ហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្តខាងលើ៕