វគ្គនេះពិភាក្សាអំពីផលប៉ះពាល់នៃកិច្ចព្រមព្រៀងដោះដូរអ្នកទោសរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា កិច្ចព្រមព្រៀងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Tehran គឺមិនអាចទទួលយកបានសម្រាប់ទីក្រុងTelAvivដោយសង្កត់ធ្ងន់លើការទទូចរបស់អ៊ីស្រាអែលលើអ្វីដែលខ្លួនបានពិពណ៌នាថាជាការការពារខ្លួនពីការគំរាមកំហែងរបស់អ៊ីរ៉ង់ ជាពិសេសក្នុងករណីដែលប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ជាចុងក្រោយវគ្គនេះសំដៅទៅលើការវិវឌ្ឍន៍ផ្សះផ្សារទំនាក់ទំនងឡើងវិញរបស់អារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល។ ខណៈដែលទីក្រុង Riyadh បានប្រកាសតែងតាំងឯកអគ្គរដ្ឋទូតមិនមែននិវាសនជនប្រចាំនៅរដ្ឋអំណាចប៉ាឡេស្ទីនជាលើកដំបូងនៅក្នុងការបញ្ជាក់របស់អារ៉ាប៊ីសាអូឌីតអំពីការរួមបញ្ចូលបញ្ហាប៉ាឡេស្ទីននៅក្នុងកិច្ចព្រមព្រៀងផ្សះផ្សារទំនាក់ទំនងឡើងវិញដែលអាចកើតមានជាមួយអ៊ីស្រាអែល។
-
អ៊ីស្រាអែលចោទអាមេរិកពីអំពើក្បត់
យោងតាមសារព័ត៌មាន AL Monitor ចុះផ្សាយថ្ងៃទី១១ ខែសីហាបានអោយដឹងថា ការផ្ទេរជនជាតិអាមេរិកជាច្រើននាក់ពីពន្ធនាគារ Evin ដ៏ល្បីល្បាញរបស់អ៊ីរ៉ង់ ទៅកាន់ការឃុំខ្លួនក្នុងផ្ទះគ្រាន់តែជាជំហានដំបូងដើម្បីទទួលបានសេរីភាពជាអចិន្ត្រៃយ៍របស់ពួកគេ។
អ្នកជាប់ឃុំរួមមាន Siamak Namazi, Morad Tahbaz និង Emad Shargi ត្រូវបានគេរំពឹងថានឹងស្នាក់នៅក្នុងសណ្ឋាគារក្រោមការយាមកាមរបស់អ៊ីរ៉ង់រហូតដល់ប្រាក់ចំណូលថាមពលបង្ករបស់ប្រទេសនេះត្រូវបានផ្ទេរពីកូរ៉េខាងត្បូងទៅគណនីមួយក្នុងប្រទេសកាតា ដែលជាដំណើរការដែលអាចចំណាយពេលច្រើនសប្តាហ៍ ឬច្រើនជាងនេះ។
ទាំងនោះអាចបង្កអោយមានលទ្ធភាពនៃអរិភាពហិង្សារវាងកងកម្លាំងអាមេរិក និងអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ ការបន្ថែមភាពតានតឹងនេះផងដែរ ក៏អាចមានដូចជាការបង្កើនកម្លាំងយោធាអាមេរិកនៅឈូងសមុទ្រពែក្សនៅខណៈពេលមានការប៉ុនប៉ងរឹបអូសនាវាដឹកប្រេងរបស់អ៊ីរ៉ង់។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា កិច្ចព្រមព្រៀងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Tehran គឺមិនអាចទទួលយកបានសម្រាប់ទីក្រុងTel Avivដោយសង្កត់ធ្ងន់លើការទទូចរបស់អ៊ីស្រាអែលលើអ្វីដែលខ្លួនបានពិពណ៌នាថាជាការការពារខ្លួនពីការគំរាមកំហែងរបស់អ៊ីរ៉ង់ជាពិសេសក្នុងករណីដែលប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
-
អារ៉ាប៊ីសាអូឌីតកាន់តែខិតជិតអ៊ីរ៉ង់ក្រោយការក្បត់របស់វ៉ាស៊ីនតោន
យោងតាមសារព័ត៌មាន France24 ចុះផ្សាយថ្ងៃទី09 ខែសីហាបានអោយដឹងថា អ៊ីរ៉ង់ដែលគ្រប់គ្រងដោយនិកាយស៊ីអ៊ីត និងអារ៉ាប៊ីសាអូឌីតនិកាយស៊ុននីមូស្លីមបានយល់ព្រមបន្តទំនាក់ទំនងការទូត និងបើកស្ថានទូតរៀងៗខ្លួនឡើងវិញបន្ទាប់ពីកិច្ចព្រមព្រៀងដែលអ្នកសំរបសំរួលចិនបានប្រកាសកាលពីខែមីនា។
គូប្រជែងក្នុងតំបន់យូរអង្វែងទាំងពីរបានផ្តាច់ទំនាក់ទំនងគ្នាក្នុងឆ្នាំ2016 បន្ទាប់ពីបេសកកម្មការទូតអារ៉ាប៊ីសាអូឌីតក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានវាយប្រហារក្នុងអំឡុងពេលតវ៉ាជុំវិញការប្រហារជីវិតរបស់បព្វជិតនិកាយស៊ីអ៊ីតលោក Nimr al-Nimr នៅទីក្រុងរីយ៉ាដ។
ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បាននិយាយដោយដកស្រង់“ប្រភពព័ត៌មាន”នៅឯក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ថា “ស្ថានទូតអារ៉ាប៊ីសាអូឌីត ប្រចាំសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានចាប់ផ្តើមសកម្មភាពរបស់ខ្លួនជាផ្លូវការហើយ” ហើយបានដំណើរការតាំងពីថ្ងៃអាទិត្យមក។
-
អារ៉ាប៊ីសាអូឌីតតែងតាំងឯកអគ្គរដ្ឋទូតដំបូងគេនៅប៉ាឡេស្ទីន
យោងតាមសារព័ត៌មាន The Times Of Israel ចុះផ្សាយថ្ងៃទី១២ ខែសីហាបានអោយដឹងថា ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតប្រចាំប្រទេស Jordan បានបង្ហាញលិខិតសម្គាល់ខ្លួនកាលពីថ្ងៃសៅរ៍ដើម្បីចាប់ផ្តើមបម្រើការជាឯកអគ្គរដ្ឋទូតមិនមានទីលំនៅជាក់លាក់ដំបូងបង្អស់របស់ទីក្រុងរីយ៉ាដប្រចាំប្រទេសប៉ាឡេស្ទីនក៏ដូចជាអគ្គកុងស៊ុលដែលមិនមានទីលំនៅជាក់លាក់ដំបូងបង្អស់របស់ខ្លួនប្រចាំទីក្រុងJerusalem។
ជំហ៊ាននេះស្មើនឹងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងមួយរបស់អារ៉ាប៊ីសាអូឌីតក្នុងការបង្កើនការចូលរួមរបស់ខ្លួននៅក្នុងតំបន់ ខណៈដែលទីក្រុង Riyadh ចូលរួមក្នុងការចរចាជាមួយរដ្ឋបាល Biden អំពីសក្តានុពលនៃការផ្សះផ្សារទំនាក់ទំនងឡើងវិញជាមួយអ៊ីស្រាអែល។
លោក Nayef al-Sudairi ដែលជាបងប្អូនជីដូនមួយរបស់រាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman (MBS) ហើយត្រូវបានមើលឃើញជិតដិតនឹងព្រះបរមរាជវាំង បានប្រគល់លិខិតសម្គាល់របស់លោកទៅទីប្រឹក្សាការទូតរបស់ប្រធានាធិបតី Majdi al-Khalidi ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅស្ថានទូតប៉ាឡេស្ទីនក្នុង ទីក្រុងអាម៉ាន់។