ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នេះ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជា “កិត្តិទេសាភិបាលបណ្ឌិត” តែមួយរូបគត់ ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។
ការទទួលបានគោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជាជា “កិត្តិទេសាភិបាលបណ្ឌិត” តែមួយរូបគត់នេះ ធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ ខាងមុខ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។ ដោយឡែក ព្រះមហាក្សត្រ ក៏បានចេញព្រះរាជសារកោះ អញ្ជើញបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ មកពីគណបក្សប្រជាជនកម្ពុជាចំនួន១២០រូប និងគណបក្សហ្វុនស៊ិនប៉ិចចំនួន៥រូប ចូលរួមក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ នោះផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា។ ការចាត់តាំងនេះ ដើម្បីផ្តល់លទ្ធភាពជូនឯកឧត្តម រៀបចំសមាសភាពគណៈរដ្ឋមន្ត្រី ដើម្បីសុំការគាំទ្រពីរដ្ឋសភានាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ ការត្រាស់បង្គាប់ចាត់តាំងនេះ មន្ត្រីរាជការគ្រប់ឋានៈនុក្រម កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានសម្តែនូវការអបអរសាទរ និងគាំទ្រយ៉ាងមុតមាំទៅលើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។
ជាមួយនឹងការសាទរពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចេញសារថ្លែងអំណរគុណចំពោះសារអបអរសាទរទាំងនោះផងដែរ។ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់បែបនេះ “ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកតាលោកយាយ លោកអ៊ំ ពូមីង បងប្អូន ក្មួយៗប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានផ្ញើសារអបអរសាទរចំពោះរូបខ្ញុំ ក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងរូបខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា”។
ឯកឧត្តមបណ្ឌិត បានចាត់ទុកសារអបអរសាទរនេះ គឺជាការលើកទឹកចិត្តដ៏មហិមាចំពោះឯកឧត្តម។ ទន្ទឹមនឹងការថ្លែងអំណរគុណ ចំពោះសារអបអរសាទរនេះ ឯកឧត្តម បានប្តេជ្ញាចិត្តខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាឱ្យបានជាដាច់ខាត នូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍប្រទេស ប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ៕