ឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប អូសបន្លាយពីប្រទេសមីយ៉ាន់ម៉ា ឡាវ និងប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីមធ្យម នឹងធ្វើឱ្យតំបន់មួយចំនួននៅកម្ពុជា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះថា ឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប នឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ ហើយអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតខ្សោយ ។
ក្រសួងឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦អង្សាសេ ហើយអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតខ្សោយ ។
ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ ហើយអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតមធ្យម ៕