ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ចាត់តាំងធ្វើជានាយករដ្ឋមន្រ្តី និងមានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។នៅក្នុងព្រះរាជក្រឹត្យ ត្រាស់បង្គាប់ចាត់តាំងរបស់ សម្ដេចព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះថា៖
មាត្រា១ : ចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
មាត្រា២ : នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការចាត់តាំងខាងលើ មានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំសេចក្តីអនុម័តទុកចិត្តពីរដ្ឋសភា។
មាត្រា៣ : ព្រះរាជក្រឹត្យនេះ ចូលជាធរមាន ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។
ព្រះរាជក្រឹត្យចាត់តាំងរបស់របស់ សម្ដេចព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានគួសបញ្ជាក់ដែរថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ នៃគណបក្សប្រជាជនកម្ពុជា និងជាវរជន ដែលមានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយគត់៕