1. យន្តហោះបេឡារុស្សហោះហើរចូលប្រទេសប៉ូឡូញ
យោងតាមសារព័ត៌មាន Notes from Poland ចុះផ្សាយថ្ងៃទី០២ ខែសីហាបានអោយដឹងថា រដ្ឋាភិបាលប៉ូឡូញបានប្រកាសថាឧទ្ធម្ភាគចក្របេឡារុស្សពីរគ្រឿងកាលពីម្សិលមិញបានបំពានដែនអាកាសប៉ូឡូញដោយឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសប៉ូឡូញ។ ទីក្រុង Minsk បានបដិសេធការអះអាងនេះប៉ុន្តែខាងសាក្សីក៏បានបញ្ជាក់ថាយន្តហោះពិតជាបានឆ្លងកាត់ព្រំដែន។ ទីក្រុង Warsaw បានថ្កោលទោសឧប្បត្តិហេតុ"គ្រោះថ្នាក់" នេះ និងបានកោះហៅខាងអ្នកទទួលបន្ទុកបេឡារុស្សឱ្យពន្យល់ពីមូលហេតុនេះ។ នៅព្រឹកថ្ងៃអង្គារ មិនយូរប៉ុន្មានបន្ទាប់ពីម៉ោង៩ ម៉ោងក្នុងស្រុក អ្នកថតរូបម្នាក់នៅ ភូមិ Białowieża ភាគឦសានប្រទេសប៉ូឡូញ បានបង្ហោះរូបថតនៅលើ Facebook បង្ហាញពីឧទ្ធម្ភាគចក្រយោធាបេឡារុស្សពីរគ្រឿង។ អ្នកស្រុកផ្សេងទៀតក៏បានរាយការណ៍ថាបានឃើញយន្តហោះនេះដែរ។ បន្តិចក្រោយមកបញ្ជាការប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសប៉ូឡូញបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា"ដែនអាកាសប៉ូឡូញមិនត្រូវបានរំលោភបំពានទេ" ហើយថាឧទ្ធម្ភាគចក្រទាំងនេះគឺកំពុងតែធ្វើការល្បាតនៅតាមព្រំដែនប្រទេសបេឡារុស្សប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលល្ងាច ក្រសួងការពារជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញថា ជាការពិតទៅ យន្តហោះបេឡារុស្ស ពិតជាបានឆ្លងកាត់ព្រំដែន ចូលទៅក្នុងប្រទេសប៉ូឡូញមែន។ ក្រសួងការពារជាតិប៉ូឡូញបានប្រកាសថា "បន្ទាប់ពីការវិភាគ... វាត្រូវបានបង្ហាញឡើងថា នៅថ្ងៃទី1 ខែសីហា ឆ្នាំ2023 ឧទ្ធម្ភាគចក្របេឡារុស្សពីរគ្រឿងដែលកំពុងហ្វឹកហាត់នៅជិតព្រំដែនបានរំលោភបំពានដែនអាកាសប៉ូឡូញ" ។ វាត្រូវបានកត់សម្គាល់ថា "ការឆ្លងកាត់ព្រំដែនបានកើតឡើងនៅរយៈកម្ពស់ទាបបំផុត ដែលវាធ្វើឱ្យពិបាកក្នុងការរកឃើញដោយប្រព័ន្ធរ៉ាដា" ដែលជាមូលហេតុធ្វើអោយការប្រកាសដំបូងដោយបញ្ជាការប្រតិបត្តិការបាននិយាយឡើងថាគ្មានការរំលោភលើដែនអាកាសត្រូវបានកត់ត្រាទុកនោះទេ។
2. ប៉ូឡូញប្រញាប់បញ្ជូនទាហានទៅព្រំដែនហើយបេឡារុស្សបដិសេធការបំពាន
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០២ ខែសីហាបានអោយដឹងថា ប្រទេសប៉ូឡូញបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានប្រញាប់ប្រញាល់បញ្ជូនកងទ័ពទៅកាន់ព្រំដែនភាគខាងកើតរបស់ខ្លួន បន្ទាប់ពីបានចោទប្រកាន់បេឡារុស្សដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ីថាបានរំលោភលើដែនអាកាសរបស់ខ្លួនជាមួយនឹងឧទ្ធម្ភាគចក្រយោធា។ យោធាបេឡារុស្សបានបដិសេធរាល់ការរំលោភបំពានបែបនេះ ហើយបានចោទប្រកាន់ប្រទេសប៉ូឡូញដែលជាសមាជិកណាតូ និងជាអ្នកគាំទ្រដ៏ក្លៀវក្លាបំផុតរបស់អ៊ុយក្រែនក្នុងជំលោះជាមួយរុស្ស៊ីនេះថាគឺជាការចោទប្រកាន់ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវរបស់ពួកគេក្នុងការបង្កើតកងទ័ពរបស់ខ្លួន។ ក្រសួងការពារជាតិប៉ូឡូញបាននិយាយថា ខ្លួនបានកំពុងបញ្ជូន "កងកម្លាំង និងធនធានបន្ថែម រួមទាំងឧទ្ធម្ភាគចក្រប្រយុទ្ធ"។ ពួកគេបាននិយាយថា ខ្លួនបានជូនដំណឹងដល់អង្គការ NATO អំពីការរំលោភព្រំដែននេះហើយ និងអ្នកទទួលបន្ទុករបស់បេឡារុស្សក៏ត្រូវបានកោះហៅឱ្យផ្តល់ការបកស្រាយផងដែរ។
3. នាយករដ្ឋមន្ត្រីប៉ូឡូញថាអ៊ុយក្រែនកំពុងតែសាងកំហុសធំហើយ
យោងតាមសារព័ត៌មាន Notes from Poland ចុះផ្សាយថ្ងៃទី០២ ខែសីហាបានអោយដឹងថា នាយករដ្ឋមន្ត្រីប៉ូឡូញបានរិះគន់ប្រតិកម្មខ្លាំងរបស់អ៊ុយក្រែនចំពោះការលើកឡើងរបស់មន្ត្រីប៉ូឡូញដែលថាទីក្រុង Kyiv គួរតែបង្ហាញការដឹងគុណបន្ថែមទៀតចំពោះជំនួយដែលប្រទេសរបស់លោកបានផ្តល់ក្នុងអំឡុងពេលសង្រ្គាម។ កាលពីម្សិលមិញក្រសួងការបរទេសរបស់អ៊ុយក្រែនបានទំនាក់ទំនងទៅកាន់ឯកអគ្គរដ្ឋទូតប៉ូឡូញដើម្បីពិភាក្សាជាការឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោក Marcin Przydacz ដែលជាប្រធានការិយាល័យគោលនយោបាយអន្តរជាតិរបស់ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda ដែលក្នុងនោះលោកបានស្នើថាអ៊ុយក្រែនគួរតែ "ចាប់ផ្តើមស្ញប់ស្ញែង"ចំពោះ ការគាំទ្ររបស់ប៉ូឡូញ។ ក្រសួងការបរទេសអ៊ុយក្រែនបានហៅការកត់សម្គាល់របស់លោក Przydacz ថា "មិនអាចទទួលយកបាន" ។ អគ្គសេនាធិការរងរបស់ប្រធានាធិបតីលោក Volodymyr Zelensky បាននិយាយថា ពួកគេគឺជាជន “ឱកាសនិយម” “បោកបញ្ឆោត” “ក្បត់” និងបម្រើផលប្រយោជន៍របស់រុស្ស៊ីតែប៉ុណ្ណោះ។ កាលពីល្ងាចម្សិលមិញ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានចូល ទៅកាន់ Twitter ដើម្បីរិះគន់សកម្មភាពរបស់អ៊ុយក្រែន។ លោក Morawiecki បានសរសេរថា "ការកោះហៅឯកអគ្គរដ្ឋទូតប៉ូឡូញ- ដែលជាតំណាងប្រទេសតែមួយគត់ដែលនៅសេសសល់ក្នុងទីក្រុង Kyiv នៅថ្ងៃនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន-ទៅកាន់ក្រសួងការបរទេសអ៊ុយក្រែន គឺមិនគួរកើតឡើងនោះទេ"។ លោកបានបន្ថែមថា “នៅក្នុងនយោបាយអន្តរជាតិ ការប្រឈមមុខនឹងសង្រ្គាមដែល កំពុងបន្ត ដោយទទួលបានការគាំទ្រយ៉ាងសម្បើម ដែលប៉ូឡូញបានផ្តល់ឲ្យអ៊ុយក្រែន ជាកំហុសបែបនេះមិនគួរកើតឡើងនោះឡើយ”។ យើងនឹងការពារឈ្មោះរបស់ប៉ូឡូញ សន្តិសុខរបស់ខ្លួនហើយផលប្រយោជន៍របស់ប្រទេសផ្សេងទៀតនឹងមិនស្ថិតនាំមុខលើផលប្រយោជន៍របស់ប៉ូឡូញឡើយ។”