1. ពូទីនបណ្ដេញកងកម្លាំងបារាំងចេញពីទីតាំងចុងក្រោយនៅអាហ្រ្វិក
យោងតាមសារព័ត៌មាន Foreign Policy ចុះផ្សាយថ្ងៃទី០១ ខែសីហាបានអោយដឹងថា ជម្លោះក្នុងតំបន់ Sahel បានកើនឡើងកាលពីល្ងាចថ្ងៃចន្ទ នៅពេលដែលទាំងប្រទេសម៉ាលី និងប្រទេស Burkina Faso បានប្រកាសថា ជំហានណាមួយរបស់មហាអំណាចបរទេសដើម្បីធ្វើឱ្យប៉ះពាល់ដោយផ្ទាល់លើរដ្ឋប្រហារដែលកំពុងបន្តរបស់ប្រទេសនីហ្សេនឹងត្រូវចាត់ទុកថាជា "ការប្រកាសសង្គ្រាម" ប្រឆាំងនឹងប្រទេសរបស់ពួកគេផ្ទាល់។ ការអះអាងរបស់ពួកគេហាក់ដូចជាសំដៅទៅលើសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) ដែលបានលើកឡើងកាលពីថ្ងៃអាទិត្យថានឹងចាត់វិធានការ "ទាំងអស់ដែលចាំបាច់" ដើម្បីធ្វើឱ្យប្រធានាធិបតីនីហ្សេដែលត្រូវបានបណ្តេញចេញលោក Mohamed Bazoum ឡើងកាន់តំណែងវិញប្រសិនបើលោកមិនត្រលប់មកវិញនៅចុងបញ្ចប់សប្តាហ៍នេះ។ ប្លុកនេះក៏បានធ្វើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសនីហ្សេរួចមកហើយ - ដោយផ្អាកប្រតិបត្តិការទាំងអស់រវាងប្រទេសធ្វើរដ្ឋប្រហារ និងរដ្ឋសមាជិក ECOWAS ក៏ដូចជាការបង្កកទ្រព្យសម្បត្តិនីហ្សេទាំងអស់នៅក្នុងធនាគារកណ្តាលក្នុងតំបន់។ ប្រសិនបើភាគីទាំងពីររក្សាពាក្យរបស់ពួកគេនោះ តំបន់ Sahel អាចនឹងប្រឈមមុខនឹងសង្រ្គាម។ លោក Rida Lyammouri អ្នកជំនាញជាន់ខ្ពស់នៅមជ្ឈមណ្ឌលគោលនយោបាយសម្រាប់ New South ហៅ Moroccan think tank បានអះអាងថា ប្រូបាប៊ីលីតេនៃការប្រើប្រាស់កម្លាំងរបស់ ECOWAS នៅក្នុងរដ្ឋអាហ្វ្រិកខាងលិចគឺមិនទំនងជាកើតឡើងនោះទេ។ លោកបានមានប្រសាសន៍ថា ទោះបីជាយ៉ាងណាក៏ដោយ “ផលវិបាកលើជនស៊ីវិលនឹងធ្ងន់ធ្ងន់ប្រសិនបើពួកបះបោរជ្រើសរើសការប្រឈមមុខដាក់គ្នា”។ វាមិនមែនជារឿងចម្លែកទេដែលប្រទេសគាំទ្ររដ្ឋប្រហារទាំងពីរជារដ្ឋដឹកនាំដោយរបបយោធាខ្លួនឯង។ ប្រទេសទាំងបីរួមមាន ម៉ាលី ប៊ូគីណាហ្វាសូ និងនីហ្សេបាននិងកំពុងប្រយុទ្ធនឹងការបះបោរដោយក្រុមជ្រុលនិយមអ៊ីស្លាមដែលអតីតអាណានិគមបារាំងរួមជាមួយសហរដ្ឋអាមេរិកបានព្យាយាមនិងបរាជ័យក្នុងការលុបបំបាត់។ ភាពក្រីក្រនិងការចំណាយខ្ពស់ក្នុងការរស់នៅក៏ញាំញីដល់រដ្ឋនៅអាហ្វ្រិកខាងលិចផងដែរ។ ក្រុមទាហាន Wagnerបានទាញយកផលប្រយោជន៍ពីអស្ថិរភាពរបស់រដ្ឋទាំងនេះដោយការវិនិយោគ និងការដាក់ពង្រាយកងទ័ពយ៉ាងច្រើននៅក្នុងតំបន់។
2. រដ្ឋប្រហារនីហ្សេបង្កអោយមានក្តីបារម្ភលើបារាំង និងសហភាពអឺរ៉ុប
យោងតាមសារព័ត៌មាន Politico ចុះផ្សាយថ្ងៃទី៣១ ខែកក្កដាបានអោយដឹងថា រដ្ឋប្រហារយោធានៅនីហ្សេកំពុងបង្កើនការភ័យខ្លាច ជាពិសេសនៅក្នុងប្រទេសបារាំងជុំវិញផលប៉ះពាល់ដ៏មានសក្តានុពលរបស់វាលើការនាំចូលសារធាតុអ៊ុយរ៉ាញ៉ូមដើម្បីផ្តល់ថាមពលដល់រោងចក្រនុយក្លេអ៊ែរ។ នីហ្សេផ្គត់ផ្គង់15ភាគរយនៃតម្រូវការអ៊ុយរ៉ាញ៉ូមរបស់បារាំងហើយស្មើនឹងមួយភាគប្រាំនៃការនាំចូលអ៊ុយរ៉ាញ៉ូមសរុបរបស់សហភាពអឺរ៉ុប។ ក្រុមហ៊ុន Orano ដែលជាក្រុមហ៊ុនផលិតឥន្ធនៈនុយក្លេអ៊ែរដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសបារាំងកំពុងបន្តសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសនីហ្សេ និងតាមដានស្ថានភាពនេះ អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើមកសារព័ត៌មាន POLITICO ដោយសង្កត់ធ្ងន់ថា "អាទិភាពរបស់យើងគឺជាការរក្សាសុវត្ថិភាពបុគ្គលិករបស់យើងនៅក្នុងប្រទេស" ។ រដ្ឋាភិបាលបារាំង និងអ្នកជំនាញថាមពលបានសង្កត់ធ្ងន់ភ្លាមៗថា ភាពតានតឹងនឹងមិនបង្កផលប៉ះពាល់ភ្លាមៗទៅលើតម្រូវការរបស់បារាំងសម្រាប់សារធាតុអ៊ុយរ៉ាញ៉ូមនោះទេ ខណៈដែលការទាញយករ៉ែកំពុងបន្ត ហើយប្រសិនបើវាបញ្ឈប់ ស្តុកដែលមានស្រាប់នៅតែអាចផ្គត់ផ្គង់បានប្រហែល 2 ឆ្នាំ។ ប៉ុន្តែរដ្ឋប្រហារនៅនីហ្សេអាចជាបញ្ហាប្រឈមមួយសម្រាប់តម្រូវការអ៊ុយរ៉ាញ៉ូមរបស់អឺរ៉ុបក្នុងរយៈពេលវែងជាងនេះ ខណៈដែលទ្វីបនេះកំពុងព្យាយាមបញ្ឈប់ការពឹងផ្អែកលើរុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូមលំដាប់កំពូលមួយទៀតដែលប្រើក្នុងរោងចក្រនុយក្លេអ៊ែរអឺរ៉ុប។ យោងតាមលោក Phuc-Vinh Nguyen អ្នកជំនាញថាមពលនៅវិទ្យាស្ថាន Jacques Delors នៅទីក្រុងប៉ារីស បានឱ្យដឹងថាភាពតានតឹងនៅនីហ្សេអាចនឹងជំរុញឱ្យសហភាពអឺរ៉ុបមិនបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ីក្នុងវិស័យនុយក្លេអ៊ែរ។
3. សហភាពអឺរ៉ុបថាគ្មាន "ហានិភ័យចំពោះការផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូម"
យោងតាមសារព័ត៌មាន Africa News ចុះផ្សាយថ្ងៃទៅ០១ ខែសីហាបានអោយដឹងថា អ្នកនាំពាក្យរបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋប្រហារយោធានៅក្នុងប្រទេសផលិតអ៊ុយរ៉ាញ៉ូមដ៏សំខាន់របស់នីហ្សេមិនបង្កបញ្ហាសម្រាប់ការផ្គត់ផ្គង់ឥន្ធនៈនុយក្លេអ៊ែរសម្រាប់សហភាពអឺរ៉ុបនោះទេ។ លោក Adalbert Jahnz អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុបបានថ្លែងថា៖ «គ្មានហានិភ័យនៃការផ្គត់ផ្គង់បែបនេះទេប្រសិនបើវាបានមកដល់សហភាពអឺរ៉ុប។» លោកបានលើកឡើងថា"បណ្តាញផ្គត់ផ្គង់របស់សហភាពអឺរ៉ុបមានស្តុកអ៊ុយរ៉ាញ៉ូមធម្មជាតិគ្រប់គ្រាន់ដែលអាចកាត់បន្ថយហានិភ័យនៃការផ្គត់ផ្គង់រយៈពេលខ្លីណាមួយ រឺសម្រាប់រយៈពេលមធ្យម និងវែង វាមានគ្រប់គ្រាន់សំរាប់ការបណ្តាក់ទុននៅលើទីផ្សារពិភពលោកដើម្បីគ្របដណ្តប់ការបំពេញតម្រូវការរបស់សហភាពអឺរ៉ុប" ។