សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញមូលហេតុចំពោះការចាកចេញពីតំណែងនាយករដ្ឋមន្ត្រី ខណៈគណបក្សប្រជាជនកម្ពុជា បានឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧យ៉ាងច្រើនលើសលប់ជាប្រវត្តិសាស្រ្ត។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ នៅខេត្តកណ្ដាល នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ការចាកចេញ និងការហ៊ានលះបង់តំណែងនាយករដ្ឋមន្រ្តី គឺដើម្បីធានាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងរបស់ប្រជាជន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចាកចេញពីនាយករដ្ឋមន្រ្តីនៅពេលនេះ គឺមានសុវត្ថិភាព ជាហេតុត្រូវរៀបចំឲ្យហើយសម្រាប់អ្នកបន្តវេន ខណៈអ្នកដឹកនាំជំនាន់ក្រោយ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលអាចចូលមកដឹកនាំបាន ដែលពួកគេមិនមែនជាក្មេងទៀតទេ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានគួសបញ្ជាក់ថា នឹងមិនព្យាយាមជះឥទ្ធិពលទៅលើនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីជំនាន់ក្រោយតាមស្ថាប័នឡើយ ហើយក៏មិនលូកដៃបង្គាប់បញ្ជាដែរ តែជំរុញឱ្យអ្នកបន្តវេនមានឯករាជ្យភាពក្នុងការសម្រេចចិត្ត ស្ថិតក្នុងគោលនយោបាយបម្រើពលរដ្ឋដូចការសន្យានឹងម្ចាស់ឆ្នោត៕