សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
តាមរបាយការណ៏របស់លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្ត ដែលជាគំនិតផ្តួចផ្តើមសាងសង់ដោយលោកវេជ្ជបណ្ឌិត កែ ស៊ីនួន សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង និងមានការគាំទ្រពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង។
លោកបន្ថែមថា មជ្ឈមណ្ឌលនេះត្រូវបានសាងសង់លើផ្ទៃដីទំហំ១៥ហិកតា ដោយចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ អស់រយៈពេល៦ខែ។ មជ្ឈមណ្ឌលនេះ មានអគារស្នាក់នៅរួមចំនួន២ខ្នង អគារមានបន្ទប់ដាច់ដោយឡែក ចំនួន២៣បន្ទប់ អាចទទួលអ្នកញៀនគ្រឿងញៀនស្នាក់នៅ បានចំនួន ៤០០នាក់ ទៅ ៥០០នាក់។ ក្រៅពីនេះនៅមានអគារបន្សាប ព្យាបាល អគាររដ្ឋបាល អគារបណ្តុះបណ្តាលវិជ្ជាជីវៈ អាគារផ្ទះបាយ បន្ទប់ទឹក អាហារដ្ឋាន បណ្ណាល័យ បន្ទប់កែច្នៃអាហារ បន្ទប់រៀនទ្រឹស្ដី ជាដើម។
នៅក្នុងទីធ្លាមជ្ឈមណ្ឌលមានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវចាក់បេតុង ដាំស្មៅ កន្លែងហាត់កីឡា តារាងបាល់ទាត់ បាល់បោះ បាល់ទះជាដើម។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌល ក៏មានគម្រោងសាងសង់អគារស្នាក់នៅបន្ថែមទៀត បើមានតម្រូវការពីអតិថិជនជាជនរងគ្រោះដោយសារគ្រឿងញៀន មកទទួលសេវាព្យាបាល។
មានប្រសាសន៏នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងទាំងអស់របស់រដ្ឋបាលខេត្ត ស្រុក ឃុំ ក៏ដូចជា មន្ដ្រីរាជការគ្រប់ផ្នែក នៅក្នុងខេត្តបាតដំបងទាំងមូល ដែលបានរួមគ្នាជាមួយប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍ ក្នុងការថែរក្សានូវសន្ដិសុខ ស្ថិរភាព ក៏ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យខេត្តបាត់ដំបង កាន់តែមានការរីកចម្រើនបន្ថែមទៀត។ ទន្ទឹមនេះ សម្ដេចក្រឡាហោម បានចាត់ទុកថា ទាំងនេះ ក៏ជាសមិទ្ធផលដ៏មានសារៈសំខាន់មួយ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោមបន្ថែមថា ការចរាចរគ្រឿងញៀន មិនមែនមានតែនៅប្រទេសកម្ពុជានោះទេ គឺមាននៅតាមបណ្ដាប្រទេសនានា លើសកលលោក។ ដូច្នេះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏មិនអាចប្រទេសណាមួយធ្វើតែឯកឯងបាននោះទេ ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងម៉ឹងម៉ាត់ ពិសេសជាមួយបណ្ដាប្រទេសជាប់ព្រំដែន។ សម្ដេចក្រឡាហោម បន្តថា កិច្ចសហប្រតិបត្តិការជាប់ព្រំដែននេះ គឺពិតជាមានសារៈសំខាន់ជាគន្លឹះ ហើយក៏ផ្អែកជាគោលការណ៍អន្ដរជាតិ ដែលអង្គការសហប្រជាជាតិបានដាក់ចេញ ព្រោះថា កម្ពុជា ជាសមាជិកនៃអង្គការសហប្រជាជាតិ ខណៈអង្គការនេះ ក៏មានយុទ្ធនាការមួយ ដើម្បីដឹកនាំចាត់ចែង និងសម្របសម្រួល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះផងដែរ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាអង្គភាពឯកជនមួយ ហើយក៏ជាមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនទី២ នៅក្នុងខេត្តបាត់ដំបង បន្ទាប់ពីមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅមជ្ឈមណ្ឌលពិភពនៃក្ដីសង្ឃឹម ដែលស្ថិតនៅស្រុកបវេល គឺជាអង្គភាពរបស់រដ្ឋ៕