មន្រ្តីជំនាញ និងអាជ្ញាធរខេត្តមណ្ឌលគិរី កំពុងពិនិត្យទីតាំងឈូសឆាយផ្លូវវាងថ្មីមួយត្រង់ចំណុចដែលរងការកាត់ផ្ដាច់ទាំងស្រុងដោយសារទឹកភ្លៀង ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រលេខ៩៩ (ចំណុចអូរងើយ) ស្ថិតក្នុងស្រុកអូររាំង ទៅស្រុកកែវសីមា។
លោក សៀក មុន្នី អភិបាលស្រុកអូររាំង បានប្រាប់អ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី២ ខែសីហាឆ្នាំ២០២៣នេះថា អាជ្ញាធរ និងជំនាញសាធារណការ កំពុងពិនិត្យរកទីតាំងឈូសឆាយផ្លូវវាងថ្មីមួយ ត្រង់ចំណុចដែលរងការកាត់ផ្ដាច់ទាំងស្រុង ដើម្បីជួយសម្រួលដល់ការធ្វើចរាចរលើផ្លូវជាតិលេខ៧៦។
អាជ្ញាធរបានបញ្ជាក់ថា ផ្លូវជាតិត្រង់ចំណុចអូរងើយ ត្រូវបានកាត់ផ្តាច់ និងខូចទាំងស្រុង ដោយយានយន្ត និងមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទមិនអាចធ្វើដំណើរបានទេ។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងខេត្តមណ្ឌលគិរី ទទួលរងនូវការធ្លាក់ភ្លៀងខ្លាំង និងបានធ្វើឲ្យមានជំនន់ទឹកភ្លៀង ហូរច្រោះបណ្តាលឲ្យមានការបាក់ស្រុតផ្លូវ និងដាច់ផ្លូវ នៅចំណុចគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រលេខ៩៩ ផ្លូវជាតិលេខ៧៦ ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា។
ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅរាជធានីភ្នំពេញ និងធ្វើដំណើរមកកាន់ខេត្តមណ្ឌលគិរី ត្រូវប្រើផ្លូវវាងដោយឆ្លងកាត់តាមខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី៕