នៅថ្ងៃទី០១ ខែសីហា នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្ហាញ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅ ហើយផ្អែកតាមលទ្ធផលបណ្តោះអាសន្ននោះ គឺមានតែគណបក្សចំនួន២ប៉ុណ្ណោះ ដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភា នីតិកាលទី៧នេះ។
តាមលទ្ធផលបង្ហាញដោយ គ.ជ.ប នោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ៦ ៣៩៨ ៣១១ សំឡេង ហើយគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រ ៧១៦ ៤៩០សំឡេង ក្នុងចំណោមអ្នកបោះឆ្នោត៨.២១៤.៤៣០នាក់។
ដោយឡែកគណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងគាំទ្រជាង១៣ម៉ឺនសំឡេង, គណបក្សយុវជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង៩ម៉ឺន, គណបក្សធម្មាធិបតេយ្យទទួលបានសំឡេងគាំទ្រជាង៨ម៉ឺនសំឡេង, គណបក្សកសិករទទួលបានសំឡេងតិចជាងគេ គឺត្រឹមតែជាង១ម៉ឺនសំឡេងប៉ុណ្ណោះ។ លទ្ធផលបណ្តោះអាសន្នបង្ហាញដោយគ.ជ.បនេះបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នេះ មានសន្លឹកឆ្នោតបានការសរុប៧.៧៧៤.២៧៦ សំឡេង និងសន្លឹកឆ្នោតមិនបានការសរុបចំនួន៤៤០.១៥៤សំឡេង។
ផ្អែកតាមលទ្ធផលបណ្តោះអាសន្ននេះ តាមការគណនាក្រៅផ្លូវការ ក្នុងចំណោមអាសនៈរដ្ឋសភាចំនួន១២៥កៅអី គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន១២០ និងគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន៥អាសនៈ នៅភ្នំពេញ១, កណ្តាល១, កំពង់ធំ១, ព្រៃវែង១, កំពង់ចាម១ចំណែកគណបក្សផ្សេងទៀតមិនទទួលបានអាសនៈនៅក្នុងរដ្ឋសភាទេ។
បើតាមលោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានឱ្យដឹងថា លទ្ធផលផ្លូវការ នៃការបោះឆ្នោតនេះ នឹងប្រកាសជាសាធារណៈនៅថ្ងៃទី០៥ ខែសីហា ខាងមុខនេះហើយ។
គួររំលឹកថា គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងដណ្តើមអាសនៈក្នុងរដ្ឋសភា នីតិកាលទី៧នេះ មានចំនួន១៨ គណបក្ស គឺគណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សធម្មាធិបតេយ្យ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សខ្មែរអភិរក្ស, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សបំណងពលរដ្ឋ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សខ្មែរឈប់ក្រ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សកសិករ, គណបក្សស្ត្រីដើម្បីស្ត្រី៕