ទីបំផុតលោកជីដេវីតបានបកមុខជនបង្កហេតុក្នុងរឿងក្តីក្តាំងចោលដុំទឹកកកមកលើរូបលោកខណៈពេលសម្តែងហើយ បន្ទាប់ពីមហាជនជាច្រើនបានប្រទូសរ៉ាយយ៉ាងខ្លាំង និងតោងទាមអោយមានការវែកញែករកមុខជនបង្ករឿងអសីលធម៌មួយនេះ។ គួរបញ្ជាក់ផងដែរថា កាលពីរាត្រីឈានចូលថ្ងៃទី៣០ ខែកក្កដាកន្លងទៅនេះ មានព្រឹត្តិការណ៍ដ៏គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើងនៅឯក្លឹបកម្សាន្តមួយកន្លែងក្នុងក្រុងព្រះសីហនុ ខណៈពេលដែលលោកជីដេវីតបានចូលរួមសម្តែងនៅទីនោះ។
កត់សម្គាល់ឃើញផងដែរថា នៅក្នុងអំឡុងពេលនៃការសម្តែងរបស់លោកជីដេវីតក្នុងបទចម្រៀង«Body» ស្រាប់តែមានដុំទឹកកកយ៉ាងលឿនឥតស្រមោលមួយបានចោលមកលើការសម្តែងរបស់លោក ដែលបង្កជាសូរសំលេងយ៉ាងលឺថ្វីបើមិនបណ្តាលអោយប៉ះពាល់ដល់ការសម្តែងរបស់លោកជីដេវីតក្តី។
យ៉ាងណាមិញផងដែរ បន្ទាប់ពីកន្លងទៅអស់រយៈពេល២ថ្ងៃ នៅព្រឹកថ្ងៃទី០១ ខែសីហាថ្មីៗនេះ លោកជីដេវីតក៏បានសំរេចចិត្តធ្វើការបង្ហាញចំណាប់អារម្មណ៍របស់លោកជាផ្លូវការទៅលើព្រឹត្តិការណ៍មួយនេះ។ ដោយលោកបានរៀបរាប់អោយដឹងតាមរយៈការបង្ហោះសារនៅលើហ្វេសប៊ុកដោយភ្ជាប់ជាមួយនឹងរូបភាពមួយសន្លឹកដែលបង្ហាញពីសញ្ញានៃជនបង្កហេតុចាប់បានតាមរយៈកាំមេរ៉ាសុវត្ថិភាពរបស់ក្លឹបថា «លោកពិតជាមានអារម្មណ៍តក់ស្លុត និងហួសចិត្តចំពោះអាកប្បកិរិយាដែលហាក់ដូចជាប្រមាថមើលងាយមកលើសិល្បករខ្លាំងណាស់។
លោកបានបន្តទៀតថា លោកពិតជាចង់លើកលែងទោសចំពោះករណីនេះ ប៉ុន្តែមតិជាច្រើន និងកំលាំងគាំទ្រដ៏លើសលប់របស់អ្នកគាំទ្រ ពិតជាមិនអាចធ្វើអោយលោកមើលរំលងបាននោះទេ ដែលជំរុញទឹកចិត្តរបស់លោកត្រូវការអោយបុរសជនបង្កហេតុមួយនេះត្រូវតែចេញមុខសុំទោសអ្នកគាំទ្ររបស់លោក និងមហាជនផងដែរអោយបានមុនរយៈពេល៨ម៉ោង នោះលោកមុខជាបញ្ចេញវិដេអូពេញបង្ហាញអត្តសញ្ញាណ និងសកម្មភាពរបស់បុរសនោះហើយ។ លោកជីដេវីតបានអោយដឹងទៀតថា លោកនឹងឆ្លៀតយកឳកាសនេះដើម្បីក្រោកឈររក្សាកិត្តិយស និងតំលៃអោយសិល្បករដទៃទៀតក្នុងនាមជាសិល្បករមួយរូបដែរ។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះការយល់ឃើញ ក៏ដូចជាប្រតិកម្មរបស់លោកជីដេវីតបែបនេះ?