របាយការណ៏ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃច័ន្ទ ទី៣១ ខែកក្កដា នេះ បានឲ្យដឹងថា ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) នឹងធ្វើឲ្យទឹកទន្លេមេគង្គនៅប្រទេសកម្ពុជា ផ្នែកខាងលើ នឹងហក់ឡើងក្នុងរយៈពេលពី៣ទៅ៤ថ្ងៃខាងមុខនេះ។
បើតាមរបាយការណ៏ក្រសួងធនធានទឹក នៅខេត្តស្ទឹងត្រែងទឹកនឹងអាចឡើងដល់កម្ពស់៧,៦៥ ម៉ែត្រ , ខេត្តក្រចេះ កម្ពស់១៦,៧០ម៉ែត និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់៩,៩០ ម៉ែត្រ ប៉ុន្តែក្រសួងធនធានទឹក អះអាងថា ទឹកទន្លេដែលហក់ឡើងនៅពេលនេះ គឺនៅមិនទាន់ដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចលិចតំបន់ទំនាបមួយចំនួនអមដងទន្ល និងហូរចូលទៅតាមបណ្ដាព្រែកមួយចំនួន ។
សូមបញ្ជាក់ថា ភ្លៀងធ្លាក់ជាប់ៗគ្នា កាលពិចុងសប្តាហ៍មុន ធ្វើឲ្យលិចលង់ផ្ទះសម្បែងរបស់ប្រជាជពលរដ្ឋប្រមាណ ២៣៨៥ខ្នង លិចផលដំណាំរបស់ប្រជាពលរដ្ឋចំនួន៩ ០៨០ហិកតា។ ព្រមទាំងលិចផ្លូវ នៅខេត្តចំនួន៨ រួមមាន៖ ខេត្តកំពត បាត់ដំបង មណ្ឌលគិរី ព្រះសីហនុ ឧត្តរមានជ័យ កោះកុង ខេត្តព្រះវិហារ និងខេត្តក្រចេះ។
ក្នុងចំណោមខេត្តទាំង៨នេះ នៅឃុំចំនួន១២ ស្រុកកំពង់ត្រាច ខេត្តកំពត មានប្រជាពលរដ្ឋរងគ្រោះច្រើនជាងគេ គឺដល់ទៅ២.២៨០ខ្នង។ ក្នុងនោះធ្ងន់ធ្ងរ១.៤៩៨ខ្នង ដួលរលំ២ខ្នង ព្រមទាំងជន់លិចដំណាំស្រូវសរុប ៩.០០៦ហិកតា និងលិចផ្លូវលំចំនួន១០ខ្សែ ប្រវែង៣.៩៧៥ ម៉ែត្រ។
ចំណែកនៅខេត្តព្រះសីហនុ ទឹកភ្លៀងបានឡើងលិចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ក្នុងភូមិសាស្ត្រ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ប្រវែង៥៥០ម៉ែត្រ។ ប៉ុន្តែនៅព្រឹកថ្ងៃចន្ទ័នេះ ការធ្វើចរាចររបស់រថយន្តតូច ធំនៅលើកំណាត់រថយន្តតូច ធំ បានដំណើរការទៅមកបានដូចធម្មតាវិញហើយ។
ចំណែកនៅខេត្តក្រចេះវិញ រន្ទះបាញ់សម្លាប់មនុស្ស១នាក់ និងរងរបួសចំនួន២នាក់ ខណៈជនរងគ្រោះទាំង៣នាក់ ទៅឃ្វាលគោនៅតាមវាលស្រែ៕