គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ គ.ជ.ប នឹងប្រកាសលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ហើយ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។
ការសម្រេចប្រកាសលទ្ធផលបណ្ដោះអាសន្ននេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើរបាយការណ៍ ស្តីពីការបោះឆ្នោត នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។
សេចក្តីជូនដំណឹងរបស់គ.ជ.ប បានឲ្យដឹងដែរថា ការផ្សាយលទ្ធផលបណ្តោះអាសន្ននេះ នឹងធ្វើឡើងតាម៖ ទូរទស្សន៍ជាតិកម្ពុជា (ទទក), វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz), ទីភ្នាក់ងារសារព័ត៌មានកម្ពុជា-AKP, គេហទំព័រ គ.ជ.ប ៖ electresult.nec.gov.kh, កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News, Facebook ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee និងYouTube ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែង។ តាមលទ្ធផលមិនផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានឈ្នះសំឡេងដ៏ច្រើនលើសលប់ប្រមាណ១២០អាសនៈ ហើយគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៥អាសនៈ ដោយឡែកគណបក្សផ្សេងៗមិនទទួលបានអាសនៈនៅក្នុងការបោះឆ្នោតនេះទេ៕