នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ អាជ្ញាធរខេត្តកំពត បានបន្តស្វែងអ្នកបាត់ខ្លួនដោយសារទឹកគួចហូរ នៅតំបន់ទេសចរទឹកធ្លាក់ជ្រោះឱម៉ាល់ ស្ថិតនៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងថា កម្លាំងសមត្ថកិច្ច កំពុងបន្តស្វែងអ្នកបាត់ខ្លួននៅតំបន់ទឹកធ្លាក់ជ្រោះឱម៉ាល់ ដែលរងគ្រោះកាលពីវេលាម៉ោង ៤:៣០នាទីទៀបភ្លឺ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។
របាយការណ៍របស់អាជ្ញាធរ បានឱ្យដឹងថា អ្នកទេសចរចំនួន៤៣នាក់ បានទៅកម្សាន្តដោយបោះតង់នៅតំបន់ជ្រោះឱម៉ាល់ ស្ថិតនៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ស្រាប់តែនៅវេលាម៉ោងកើតហេតុមានភ្លៀងធ្លាក់មួយមេធំបណ្ដាលឱ្យកម្លាំងទឹកមកពីផ្នែកខាងលើហូរបោកប៉ះចំតង់ និងនាំមនុស្សប្រុស ស្រីចំនួន ៤នាក់ ធ្លាក់ក្នុងជ្រោះ។
ក្រោយទទួលបានព័ត៌មានរួចមក អាជ្ញាធរមូលដ្ឋាន បានចេញអន្តរាគមន៍ដោយរកឃើញសពនារីម្នាក់ និង២នាក់រងរបួស ខណ:នារីម្នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។
កាលពីពេលថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជា បានរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប នឹងឆ្លងកាត់ ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ធ្វើឱ្យតំបន់នានា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕