សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជួបសួរសុខទុក្ខកម្មករ-កម្មការិនី នៅតាមបណ្ដាគោលដៅមួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តនានា ក្រោយពេលរៀបចំរដ្ឋាភិបាលថ្មីរួចរាល់។
នៅក្នុងសារជាសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣នេះថា គម្រោងចុះជួបជាមួយកម្មករ-កម្មការិនី នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានលើកពេលដោយសារកត្តាពេលវេលា។
តាមរយៈសារជាសំឡេងរបស់សម្ដេចតេជោ បានលើកឡើងថា សម្ដេចនឹងចាប់ផ្ដើមចុះសួរសុខទុក្ខកម្មករ-កម្មការិនី បន្តទៀតនៅ១០គោលដៅ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ខណៈការលើកពេល គឺដោយសារតែបញ្ហាកត្តាពេលវេលា និងកត្តាទិដ្ឋភាពនៃការរៀបចំរាជរដ្ឋាភិបាលថ្មី។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា នឹងជួបគ្នានៅក្រោយការបង្កើតរាជ រដ្ឋាភិបាលថ្មី ដែលនឹងអាចមានលទ្ធភាពខ្ពស់បំផុតមាននាយករដ្ឋមន្ត្រីថ្មី ទៅសួរសុខទុក្ខ ចំពោះកម្មករ-កម្មការិនី ជំនួសនាយករដ្ឋមន្ត្រីចាស់ ដែលនេះជាលទ្ធភាពនៃការកើតឡើងនៃរាជរដ្ឋាភិបាលថ្មី ដែលមានទាំងនាយករដ្ឋមន្ត្រីថ្មី៕