លោក Xi Jinping ប្រធានាធិបតីចិន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន បានអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលបានឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧។
យោងតាមស្ថានទូតចិន ប្រចាំកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះថា លោក Xi Jinping បានផ្ញើសារលិខិតជូនចំពោះសម្តេច ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបានគូសបញ្ជាក់ពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។
ស្ថានទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា ការដឹកនាំដោយសម្តេច ហ៊ុន សែន បានធ្វើឱ្យនយោបាយប្រទេសកម្ពុជា មានស្ថិរភាព សេដ្ឋកិច្ចមានការអភិវឌ្ឍ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ឋានៈអន្តរជាតិ និងក្នុងតំបន់ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ។
ជាមួយគ្នានេះ ប្រទេសចិននឹងគាំទ្រប្រទេសកម្ពុជា ដើរតាមផ្លូវអភិវឌ្ឍន៍ដែលស្របតាមស្ថានភាពរបស់ប្រទេសកម្ពុជាជាប់រហូត ដោយជឿជាក់ថា ក្រោមការដឹកនាំយ៉ាងមុតមាំរបស់សម្តេច ហ៊ុន សែន នឹងរួមចំណែកថ្មីកាន់តែច្រើនដល់វិបុលភាពជាតិ និងសុភមង្គលរបស់ប្រជាជន ក៏ដូចជាសន្តិភាពស្ថិរភាព និងការអភិវឌ្ឍវិបុលភាពក្នុងតំបន់។
លោក Xi Jinping ប្រធានាធិបតីចិន បានគូសបញ្ជាក់ទៀតថា ប្រទេសចិន និងកម្ពុជា គឺជាសហគមន៍រួមវាសនាតែមួយ បក្សកុម្មុយនីស្តចិន យកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមេត្រីភាពជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។
យោងតាមលទ្ធផលបណ្ដោះអាសន្នរបស់គណៈកម្មារធិការជាតិ រៀបចំការបោះឆ្នោត បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕