អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យបើកការធ្វើដំណើរតាមផ្លូវទឹកឡើងវិញ ប៉ុន្តែស្ថិតក្នុងវិធានការការពារខ្ពស់នៅឡើយ ក្រោយពេលខេត្តមួយនេះ បានជួបបញ្ហាអាកាសធាតុមិនល្អ ដោយសារឥទ្ធិពលព្យុះ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះថា ក្នុងនាមរដ្ឋបាលខេត្ត លោកបានសម្រេចឲ្យមានការធ្វើដំណើរតាមផ្លូវទឹកឡើងវិញ ប៉ុន្តែត្រូវអនុវត្តតាមគោលការណ៍ណែនាំសុវត្ថិភាព ដោយមានអាវពោង និងឧបករណ៍ការពារជាដើម ។
លោកបានបញ្ជាក់ថា ការសម្រេចឲ្យធ្វើដំណើរតាមផ្លូវទឹកឡើងវិញនេះ ដោយសារមើលឃើញថា ស្ថានភាពអាកាសធាតុបានល្អប្រសើរឡើងវិញ និងដោយសារមានតម្រូវការចាំបាច់ក្នុងការដឹកជញ្ជូនស្បៀងអាហាររបស់ប្រជាពលរដ្ឋនៅតាមបណ្ដាកោះ។
យ៉ាងណាក៏ដោយ អភិបាលខេត្តព្រះសីហនុ បានដាស់តឿនដល់អ្នកនេសាទ មិនត្រូវដេកផ្លូវនោះទេ ពោលទៅនេសាទព្រឹក ត្រូវត្រឡប់មកវិញល្ងាច ទៅល្ងាច ត្រូវត្រឡប់មកវិញព្រលប់ ព្រោះងាយស្រួលក្នុងការផ្ដល់ព័ត៌មានក្នុងករណីអាកាសធាតុមានការប្រែប្រួលជាយថាហេតុ។
សូមបញ្ជាក់ដែរថា នាពេលថ្មីៗនេះ អាជ្ញាធរខេត្តព្រះសីហនុ បានជួយអន្តរាគមន៍ដឹកជញ្ជូនពលរដ្ឋ និងភ្ញៀវបរទេស ប្រមាណជិត១០០០នាក់ ប្រកបដោយសុវត្ថិភាព ក្រោយពេលពួកគាត់បានជាប់គាំងនៅតាមបណ្ដាកោះនានា ដោយសារស្ថានភាពអាកាសធាតុមិនល្អ៕