លោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញផែនការពង្រាយកងកម្លាំងជាង៤០០០នាក់ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីដង្ហែរបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។
លោកឧត្តមសេនីយ៍ សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នេះថា កម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងតាមបណ្តាខណ្ឌ កំពុងបំពេញតួនាទី ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម។
លោកឱ្យដឹងបន្តថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យពង្រាយកម្លាំងសរុបប្រមាណ ៤៤២១នាក់ ដើម្បីការពារគ្រប់ការិយាល័យបោះឆ្នោតទាំងអស់នៅក្នុងរាជធានីភ្នំពេញ ផងដែរ។
អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានគួសបញ្ជាក់ដែរថា គិតចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ យុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់គណបក្សនយោបាយ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ និងមិនមានបាតុភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេ៕