នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនសមាជិកគណបក្សភ្លើងទៀន ចំនួន២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្កចលាចលដល់ការបោះឆ្នោត។
របាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា សមាជិកគណបក្សភ្លើងទៀនទាំងពីរនាក់ ដែលបញ្ជូនទៅតុលាការ មានឈ្មោះ អេង ស្រូយ ភេទប្រុស ជាប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ និងម្នាក់ទៀត ឈ្មោះ វង រុន្នី ភេទស្រី ជាប្រធានចលនាស្ត្រីថ្នាក់ជាតិ គណបក្សភ្លើងទៀន។
គួសបញ្ជាក់ថា ជនសង្ស័យជាថ្នាក់ដឹកនាំគណបក្សភ្លើងទៀនទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែកក្កដា តាមដីកាតុលាការពាក់ព័ន្ធនឹងករណីបង្កចលាចលដល់ការបោះឆ្នោត។
សូមបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើវិសោធនកម្មច្បាប់បោះឆ្នោត និងចូលជាធរមាន កាលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។មាត្រាខ្លះក្នុងច្បាប់នេះ បានឱ្យដឹងថា ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់ និងឈានដល់ការផាកពិន័យ ជាប្រាក់ ព្រមទាំងទោសផ្សេងទៀតផងដែរ៕