សម្ពាធទាបសកម្មមួយ នឹងអាចវិវត្តជាព្យុះថ្មីមួយទៀត ខណៈកម្ពុជា បន្តទទួលឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះ តាលីម (TALIM ) និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះថា សម្ពាធទាបសកម្មមួយ នឹងអាចវិវត្តជាព្យុះថ្មី ពេលចូលដល់ភាគខាងជើង ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្នុងអំឡុងពេលនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរ ដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ចំណែកនៅតំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែរ។ ក្រសួងធនធានទឹក និងឧតុនិយម បានគួសបញ្ជាក់ថា នៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈនៅលើ ផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់ផងដែរ។ ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕